
ចិន៖ ប្រទេសចិនបានប្រលែងពូជត្រីជិតផុតពូជ ២០ម៉ឺន ក្បាលចូលទៅក្នុងទន្លេ Yangtze ដែលជាទន្លេដ៏វែងបំផុតរបស់ប្រទេសនេះ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារពូជត្រីដ៏កម្រនេះ។
យោងតាមក្រុមហ៊ុន China Three Gorges Corporation បានឱ្យដឹងថា ត្រីចំនួន ១០ម៉ឺន ក្បាលដំបូងត្រូវបានប្រលែងនៅទីក្រុង Yichang នៃខេត្ត Hubei កាលពីថ្ងៃសៅរ៍។ មន្រ្តីពាក់ព័ន្ធបានឲ្យដឹងថាពូជសត្វ sturgeon របស់ចិនត្រូវបានប្រលែងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ១៩៨៤។
ជាមួយនឹងប្រវត្តិនៃ ១៤០ លានឆ្នាំ ត្រី sturgeon របស់ចិនគឺជាប្រភេទសត្វឆ្អឹងខ្នងដ៏ចំណាស់បំផុតនៅលើផែនដី ហើយស្ថិតនៅក្រោមការការពារថ្នាក់ A នៅក្នុងប្រទេសចិន។ ត្រីត្រូវបានការពារជាចម្បងតាមរយៈការបង្កាត់ពូជសិប្បនិម្មិត បន្តដោយការបញ្ចេញទៅក្នុងបរិស្ថានធម្មជាតិ។
លោក Jiang Wei ប្រធានវិស្វករនៃមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុនបានគូសបញ្ជាក់ថាពូជត្រី Sturgeon ដែលបានប្រលែងនៅឆ្នាំនេះមានអាយុចន្លោះពី ៦ ខែដល់ ១៤ ឆ្នាំ។ លោកបន្ថែមទៀតថា"ដោយសារចំនួនមានកំណត់នៃពូជត្រី sturgeon យើងសង្ឃឹមថាការប្រលែងនេះនឹងផ្តល់នូវការបន្ថែមដ៏ទូលំទូលាយសម្រាប់ពូជត្រី sturgeon។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់កិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការអភិរក្សអេកូឡូស៊ីតាមដងទន្លេ Yangtze ដោយមានការហាមឃាត់ការនេសាទរយៈពេល ១០ ឆ្នាំនៅក្នុងដែនទឹកសំខាន់តាមដងទន្លេនៅដើមឆ្នាំ ២០២១ ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ប្រទេសចិនបានប្រកាសឱ្យប្រើច្បាប់ការពារទន្លេយ៉ាងសេ ដោយផ្តល់នូវការធានាផ្នែកច្បាប់សម្រាប់ការអភិរក្សជីវចម្រុះនៅក្នុងទន្លេ៕