Yearendyearend1140x150

កូរ៉េខាងជើងបាញ់«មីស៊ីលផ្លោង»ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ ដែលជាការបាញ់បង្ហោះចុងក្រោយបង្អស់ ចំពេលមានសមយុទ្ធយោធាដោយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីខេត្ត North Hwanghae នាព្រឹកព្រលឹមហើយហោះបានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា មីស៊ីលទាំងពីរនេះ ហាក់ដូចជាបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

យោធាកូរ៉េខាងត្បូង "ថ្កោលទោសយ៉ាងខ្លាំង" ចំពោះការបាញ់បង្ហោះនេះ ថាជាការញុះញង់យ៉ាងធ្ងន់ធ្ងរ រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់។

ចំណែក JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពផ្សេងៗរបស់កូរ៉េខាងជើង និងរក្សាជំហរត្រៀមខ្លួនយ៉ាងរឹងមាំដោយផ្អែកលើសមត្ថភាពក្នុងការឆ្លើយតបដ៏លើសលប់ចំពោះការបង្កហេតុណាមួយ" ដោយបន្ថែមថា ខ្លួននឹងបន្តធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាម៉េរិកតាមការគ្រោងទុក។

រដ្ឋាភិបាលជប៉ុនក៏បានដាក់ "ការតវ៉ាយ៉ាងខ្លាំងក្លា" ជាមួយកូរ៉េខាងជើង ដោយនិយាយថា ការបាញ់មីស៊ីលរបស់ខ្លួនបានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិភាពរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ។

ការបាញ់បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់ដោយកូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីល Cruise ជាច្រើនគ្រាប់កាលពីថ្ងៃពុធ ដែលទីក្រុងព្យុងយ៉ាងបាននិយាយថា មានគោលបំណងអនុវត្តការវាយប្រហារនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ។

កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងយន្តហោះគ្មានមនុស្សបើកវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ខណៈមេដឹកនាំគីម ជុងអ៊ុន បានព្រមានថា សមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកគួរតែបញ្ឈប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង