
អ៊ីតាលី៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បាននិយាយកាលពីថ្ងៃពុធថា ការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកនៅសមុទ្រខ្មៅបានបង្ហាញពីភាពតានតឹងយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ លោកក៏បានជំរុញឲ្យលោកខាងលិច និងរុស្ស៊ីអនុវត្តការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការប៉ះទង្គិចដោយផ្ទាល់។
កាលពីថ្ងៃអង្គារ សហរដ្ឋអាម៉េរិកបានចោទប្រកាន់រុស្ស៊ីថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលបានប្រទះឃើញនៅឆ្នេរសមុទ្រគ្រីមៀ ខណៈដែលខ្លួនធ្វើការហោះហើរឈ្លបយកការណ៍។ វ៉ាស៊ីនតោនបានអះអាងថា យន្តហោះនេះកំពុងបំពេញបេសកកម្មជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ នៅពេលដែលវាត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងរុស្ស៊ី Su-27 របស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានទទូចថា យន្តហោះចម្បាំងរបស់ខ្លួនមិនបានទាក់ទងជាមួយយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក ឬបាញ់ចេញពីអាវុធរបស់រុស្សីនោះទេ។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Sky TG24 លោក Tajani បានផ្តល់យោបល់ថា ទោះបីជាសហរដ្ឋអាម៉េរិក និងរុស្ស៊ីមានជំហរតឹងតែងចំពោះឧបទ្ទវហេតុនេះក៏ដោយ ក៏ពួកគេបានព្យាយាម "មិនប្រយុទ្ធជាមួយគ្នាក្នុងសមរភូមិឡើយ"។
លោក Tajani បានពន្យល់ថា ដើម្បីជៀសវាងសេណារីយ៉ូករណីដ៏អាក្រក់បំផុត “យើងត្រូវការការប្រុងប្រយ័ត្នច្រើនចំពោះអ្នកដែលចូលរួមក្នុងជម្លោះរុស្សីអ៊ុយក្រែននៅតាមព្រំដែនអឺរ៉ុប និងអង្គការណាតូ” ។
កាលពីថ្ងៃអង្គារផងដែរ ខណៈពេលដែលថ្កោលទោសឧបទ្ទវហេតុនេះថាជា “ការបង្កហេតុ” ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិក លោក Anatoly Antonov បានផ្តល់សញ្ញាថា រុស្ស៊ី “មិនស្វែងរកការប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។
ចំណែកលេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងម៉ូស្គូមិនមានទំនាក់ទំនងកម្រិតខ្ពស់ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការធ្លាក់យន្តហោះគ្មានមនុស្សបើកនោះទេ។ លោកបានបន្ថែមថា ទោះបីជាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នស្ថិតក្នុងស្ថានភាពគួរឱ្យសោកស្ដាយក៏ដោយ ក៏រុស្ស៊ី “មិនដែលបដិសេធការសន្ទនាក្នុងន័យស្ថាបនាឡើយ”៕