Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

យុវតី ពន្លឺរចនា ធ្វើគម្រោង«សុខភាពមាត់ធ្មេញកុមារ»ដើម្បីជួយកុមារនៅជនបទ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
យុវតី ចេន ពន្លឺរចនា និង លោកគ្រូដឹកនាំ 

ភ្នំពេញ៖ យុវតី ចេន ពន្លឺរចនា មានអាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ មកពីខេត្តរតនគិរី បានដំណើរការគម្រោង«សុខភាពមាត់ធ្មេញកុមារ» បានរយៈពេលមួយឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២២ មកម្លេះ។ តាមរយៈគម្រោង សុខភាពមាត់ធ្មេញរបស់កុមារ រចនា បានរៀបចំសិក្ខាសាលាអប់រំ និងផ្តល់ច្រាសដុសធ្មេញ នៅសាលារៀនចំនួន០៦ ក្នុងខេត្តរតនគិរី សៀមរាប និងខេត្តកណ្ដាល។ ក្រៅពីការធ្វើសិក្ខាសាលាអប់រំជាមួយសិស្សានុសិស្ស រចនា ក៏មានការបង្ហាត់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនមួយចំនួននៅជនបទ អំពីការថែរក្សាសុខភាពមាត់ធ្មេញ ក៏ដូចជាការរៀបចំជាសៀវភៅក្បួនសម្រាប់ផ្ដល់ជូនទៅតាមបណ្ដាសាលារៀននៅតាមជនបទ ផងដែរ។

យុវតីមកពីខេត្តរតនគិរីរូបនេះ បានឱ្យដឹងថា ខ្លួនក៏បានសិក្សាច្រើនអំពី STEM ហើយបច្ចុប្បន្ននេះ ក៏មានអង្គការជាច្រើន បានចូលរួមចំណែកក្នុងការលើកស្ទួយ ក៏ដូចជាជំរុញឱ្យក្មេងស្រីចូលរួមជាមួយវិស័យនេះ។ ប៉ុន្ដែ រចនា មានចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយដោយផ្អែកលើបញ្ហារបស់សង្គមដែលខ្លួនបានមើលឃើញជាក់ស្ដែង ជាជាងធ្វើអ្វីដែលខ្លួនចូលចិត្ត ហើយបញ្ហាដែលកំពុងតែមាននោះគឺបញ្ហាសុខភាពមាត់ធ្មេញ ជាពិសេសកុមារនៅតំបន់ដាច់ស្រយាល និងជនបទ។

រចនា បានបន្ដថា នៅពេលនិយាយពីបញ្ហាសុខភាព មនុស្សភាគច្រើនគឺតែងតែងាយក្នុងការមើលរំលងពីបញ្ហាមាត់ធ្មេញ ហើយបញ្ហានេះ មនុស្សគ្រប់វ័យតែងតែជួបប្រទះ។ បន្ថែមពីនេះ បញ្ហានេះ មនុស្សជាច្រើនមិនបានផ្ដោតសំខាន់លើវានោះទេ ដូច្នេះតាមរយៈគម្រោងនេះ នឹងរំលឹកឡើងវិញពីបញ្ហាមាត់ធ្មេញ ជាបញ្ហាសុខភាពដែលមនុស្សគ្រប់គ្នាគួរផ្ដោតទៅលើ ហើយមិនគួរមើលរំលងពីបញ្ហានេះ។

រចនា បានប្រាប់ស៊ីស៊ីថាមស៍ ថា វិស័យសុខភាពមាត់ធ្មេញ ជាវិស័យមួយដែលក្រសួងសុខាភិបាលធ្លាប់បាននិយាយជាច្រើន ក៏ប៉ុន្ដែសម្រាប់ រចនា ផ្ទាល់ ក៏ជាអ្នកដែលធំដឹងក្ដីមកពីជនបទ ហើយក៏ធ្លាប់ជាកុមារម្នាក់ដែលធ្លាប់មានបញ្ហាមាត់ធ្មេញនេះដែរ រចនា គិតថានៅសាលាខ្លះនៅមានភាពខ្វះខាតនូវថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងសាលាមួយចំនួនមានគ្រប់សម្ភារៈទាំងអស់ ប៉ុន្ដែមានការខ្វះខាតផ្នែកការយល់ដឹងអំពីការថែរក្សាសុខភាពមាត់ធ្មេញ ជាពិសេសវិធីសាស្ដ្រនៃការដុសធ្មេញបានត្រឹមត្រូវ។ ដូច្នេះគម្រោងនេះ នឹងជួយដល់កុមារដុសធ្មេញបានត្រឹមត្រូវ និងចែករំលែកសម្ភារៈនៅតាមបណ្ដាសាលារៀនមួយចំនួន។

យុវតីវ័យ១៧ឆ្នាំរូបនេះ បានបន្ដទៀតថា ចាប់តាំងពីបានចាប់ផ្ដើមគ្រោងនេះក្នុងឆ្នាំ២០២២ រហូតមកដល់ពេលនេះ ខ្លួនបានចុះទៅខេត្តរតនគិរី សៀមរាប និងខេត្តកណ្ដាល បានចំនួន៦សាលា និងបានធ្វើសិក្ខាសាលាជាមួយសិស្សបានជាង៣៦០នាក់។ ដំបូងឡើយ រចនា គិតថា នឹងធ្វើសិក្ខាជាមួយសិស្ស ប៉ុន្ដែបន្ទាប់មកក៏បានគិតថា ការធ្វើសិក្ខាសាលាជាមួយសិស្ស ព័ត៌មានដែលសិស្សទទួលបាននៅមានកម្រិត ហើយសាលាមួយចំនួន ដែលមិនបានចុះទៅធ្វើសិក្ខាសាលានឹងមិនទទួលបានចំណេះដឹងនេះឡើយ។ ដូច្នេះ រចនា ផ្លាស់ប្ដូរគោលដៅរបស់ខ្លួនពីការធ្វើសិក្ខាសាលាជាមួយសិស្ស មកធ្វើជាសៀវភៅក្បួន និងមានការបង្ហាត់តាមរយៈអនឡាញជាមួយលោកគ្រូអ្នកគ្រូវិញ។

គួរបញ្ជាក់ថា គម្រោង«សុខភាពមាត់ធ្មេញកុមារ» នឹងត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីដាក់ដំណើរការរយៈពេលមួយឆ្នាំ គឺចាប់តាំងពីឆ្នាំ២០២២មក។ យុវតី ចេន ពន្លឺរចនា នឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅក្នុងខែមិថុនាខាងមុខនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី១២ រចនា នឹងបន្ដការសិក្សានៅមហាវិទ្យាល័យ ដែលធ្វើអោយមានការរវល់នៅក្នុងការសិក្សា និងមិនបន្ដដំណើរការគម្រោងនេះទៀតឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង