Smart saver cctime web bannertif

អ្នកគាំទ្រវៀតណាមជាង២ម៉ឺននាក់បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រជាពលរដ្ឋវៀតណាម ដែលមានការគាំទ្រកីឡាកររបស់ប្រទេសមួយនេះមានចំនួនជាង ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួន ដើម្បីចូលរួមការទស្សនា និងគាំទ្រការប្រកួតរបស់ក្រុមកីឡាកររបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមលោកជាអ្នកធ្វើការងារជាមួយភាគីវៀតណាម បានមានប្រសាសន៍ថា «ភាគីវៀតណាម បានប្រាប់មកលោកថាគ្រាន់តែអ្នកគាំទ្រចុះឈ្មោះចូលរួមគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាមមានចំនួនជាង ២មឺុននាក់ហើយ។ នេះគ្រាន់តែជាអ្នកគាំទ្រផង អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន នោះគឺជាបញ្ហា ដើម្បីទទួលភ្ញៀវទេសចរណ៍ទាក់ទងនឹងកន្លែងសម្រាក កន្លែងហូបចុក នៅមានបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ដែលជាការងារសំខាន់»។

លោក សៅ សុខា បន្ថែមថា «គ្រាន់តែវៀតណាម ជាបណ្ដោះអាសន្នជាង ២មុឺននាក់ ស្របពេលសុីហ្គេមនៅសល់ជាង ៥០ថ្ងៃទៀត។ ដូច្នេះអ្នកគាំទ្រវៀតណាម អាចនឹងមានសន្ទុះខ្លាំង ដែលត្រូវមកគាំទ្រកីឡាកររបស់ខ្លួន។ ចំណែកបណ្ដាលប្រទេសជិតខាង នៅក្នុងតំបន់មាន ឡាវ ថៃ ដែលជាប្រទេសជិតខាង អាចធ្វើដំណើរតាមរថយន្តក្នុងការមកចូលរួម។ ដូច្នេះព្រឹតិ្តការណ៍នេះ នឹងមានមនុស្សរាប់ពាន រាប់សែននាក់ចូលរួមផងដែរ»។

គួរបញ្ញាក់ថា គណៈកម្មាធិការជាតិ បានយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ជាពិសេសសណ្ឋាគារមួយចំនួន ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្រមកពីបណ្ដាលប្រទេស និងត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាទាំងអស់ដែលមកចូលរួម ក្នុងព្រឹតិ្តការណ៍កីឡាសុីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង