
វៀតណាម៖ អគ្គលេខាបក្ស លោក Nguyen Phu Trong និងជាប្រធានរដ្ឋ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខលោក Vo Van Thuong បានអបអរសាទរលោក ស៊ីជិនភីង ក្នុងការបោះឆ្នោតឡើងវិញជាប្រធានាធិបតីចិនជាលើកទីបី។ នេះបើយោងតាមការចុះផ្សារបស់កាសែតវៀតណាម VN Express។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានអបអរសាទរចំពោះលោក Zhao Leji ដែលត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន។ អនុប្រធានាធិបតី Vo Thi Anh Xuan បានផ្ញើសារអបអរសាទរចំពោះលោក Han Zhengo ក្នុងការបោះឆ្នោតរបស់លោកជាអនុប្រធានាធិបតីចិន។
លោកស៊ី ដែលមានអាយុ ៦៩ ឆ្នាំត្រូវបានបោះឆ្នោតជាប្រធានាធិបតីរបស់ប្រទេសចិនសម្រាប់អាណត្តិប្រាំឆ្នាំទីបីបន្ទាប់ពីការបោះឆ្នោតកាលពីព្រឹកថ្ងៃសុក្រ។ ក្នុងរយៈពេលមួយទសវត្សរ៍នៃការគ្រប់គ្រងរបស់លោកស៊ី ចិនបានសម្រេចបានសមិទ្ធផលជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ។
នៅក្នុងសមាជជាតិលើកទី ២០ កាលពីឆ្នាំមុន លោក ស៊ី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ប្រទេសចិនសម្រាប់ពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើការអប់រំប្រកបដោយគុណភាពខ្ពស់ និងការច្នៃប្រឌិតក្នុងកំណើនសេដ្ឋកិច្ច។ លោកបានកំណត់ថា ការបង្កើតថ្មីជាបេះដូងនៃការជំរុញទំនើបកម្មរបស់ប្រទេសចិន ក្នុងគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលមានលក្ខណៈប្រកួតប្រជែងបើកចំហ និងជាសកល៕