Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ស៊ី ជីនភីង បន្តមានឱកាសសម្រេច«មហិច្ឆតា»នាំចិនក្លាយជាមហាអំណាច?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ក្រុងប៉េកាំង៖ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី ១០ មីនានេះ ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសចិន នៅក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃសម័យប្រជុំលើកទី១ នៃសភាប្រជាជនជាតិលើកទី១៤។ការបន្តជាប់ជាប្រធានាធិបតិចិន៣អាណត្តិជាប់គ្នារបស់លោកស៊ីពេលនេះ គឺជាប្រវត្តិសាស្ត្ររបស់ចិនរាប់ចាប់តាំងពីផុតរលុតនៃលទ្ធិ ម៉ៅ សេទុងមក។ការបន្តជាប់ជាប្រធានាធិបតីអាណត្តិទី៣របស់លោក ស៊ីនេះ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ដើម្បីបន្តមហិច្ឆតារបស់មហាយក្យចិនក្នុងដែនភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងរក្សាផ្ទៃក្នុងរបស់គណបក្សកុម្មុយនិស្តចិនផងដែរ។

សមាជិកសភាប្រជាជនចិនប្រមាណ២៩៥២នាក់ នៅថ្ងៃសុក្រនេះ បានលើកដៃជាឯកច្ឆន្ទ បោះឆ្នោតជ្រើសរើសឱ្យលោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើជាប្រធានាធិបតីនៃប្រទេសចិនសម្រាប់អាណត្តិ៣។

ក្នុងវ័យ ៦៩ ឆ្នាំ លោក ស៊ី ជីនភីង គឺជាឥស្សរជនទីមួយនៃប្រទេសចិនដែលត្រូវគេជ្រើសរើសតែងតាំងជាប្រធានាធិបតី អាណត្តិទី៣ ពីសភាប្រជាជនរបស់ប្រទេសចិន ហើយវាក្លាយជាប្រវត្តិសាស្រ្តរបស់ប្រទេសចិនដែលមានប្រធានាធិបតីដឹកនាំបាន៣អាណត្តិចាប់តាំងពីផុតរលុតនៃលទ្ធិរបស់លោក ម៉ៅ សេទុងមក។

ការបន្តជាប់ក្លាយជាប្រធានាធិបតីចិន ក្នុងអាណត្តិទី៣នេះ វាជាអ្វីដែលប្រជាជនចិន និងប្រទេសនៅលើពិភពលោក បានរំពឹងទុកជាយូរមកហើយ ពោលគឺចាប់តាំងពីប្រទេសចិន បានលុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតី ត្រឹមពីរ អាណត្តិ កាលពីឆ្នាំ២០១៨ ហើយបើកផ្លូវឱ្យប្រធានាធិបតីចិន ដែលទទួលបានការគាំទ្រខ្ពស់អាចដឹកនាំប្រទេសអស់មួយជីវិត។ដូច្នេះលោកស៊ី ជីនភីង អាចនឹងក្លាយជាអធិរាជចិនអស់មួយជីវិត និង ក្លាយជាម៉ៅស៊ីទុង ប្រចាំសតវត្សរ៍ ទី២១។

គេនៅចាំបានថា កាលពីឆ្នាំ២០១២ លោក ស៊ី ជីនភីង បានប្រកាសដាក់ចេញនូវគោលនយោបាយដ៏មហិច្ឆតាមួយនោះគឺ «នយោបាយសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ជាគោលនយោបាយដែលពិភពលោកមើលឃើញថា លោកស៊ីចង់ដឹកនាំប្រទេសចិនក្លាយជាមហាអំណាចពិភពលោកតាមរយៈនយោបាយសេដ្ឋកិច្ច និងយោធា ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកប្រជាជនចិន តែជាក្តីបារម្ភរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។

ក្នុងតំណែងជាប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានពង្រីកដែនឥទ្ធិពលរបស់ចិនយ៉ាងខ្លាំង នៅបរទេស ទាំងផ្នែកយោធា និង សេដ្ឋកិច្ច។សម្រាប់ក្នុងជួរបក្សវិញ លោកបានពង្រឹងអំណាចយ៉ាងរឹងមាំ ហើយបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ និង បានបោសសម្អាតមន្រ្តីពុករលួយ នៅក្នុងបក្ស និងនៅក្នុងប្រទេស។

ម្លោះហើយបានជាថ្នាក់ដឹកនាំចិនយល់ថា ពីរអាណត្តិ គឺមិនគ្រប់គ្រាន់សម្រាប់ឲ្យលោកស៊ី ជីនភីង សម្រេចមហិច្ឆតា គោលដៅ នយោបាយ ដែលលោកធ្លាប់បានដាក់ចេញ តាំងពីឆ្នាំ ២០១២នោះទេ។ហើយប្រជាជន និងថ្នាក់ដឹកនាំចិន ចង់ឃើញលោកស៊ី ជីនភីង អនុវត្តមហិច្ឆតារបស់លោកបន្តទៀត ដើម្បីនាំចិនឈរជាប្រទេសសេដ្ឋកិច្ចទី១ក្នុងលោក និងជាមហាអំណាចពិភពលោកនាពេលអនាគត៕  

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង