Yearendyearend1140x150

កម្ពុជាមានក្តីស្រមៃក្លាយជាប្រទេសនាំមុខគេខាងវិស័យ«ស្វាយចន្ទី»នៅលេីពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ មីនា បានបង្ហាញពីក្តីស្រមៃចង់ក្លាយជាប្រទេសឈានមុខគេលេីពិភពលោកក្នុងការផលិតស្វាយចន្ទី រួមទាំងការកែច្នៃស្វាយចន្ទីដោយខ្លួនឯងសម្រាប់ការនាំចេញ។ការប្រកាសនេះ ធ្វើឡើងខណៈពេលដែលរាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចហេីយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការលេីកស្ទួយវិស័យស្វាយចន្ទី។

ក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ នាព្រលប់ថ្ងៃទី៩ ខែមីនា សម្តេច ហ៊ុន សែន បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា ឱកាសនៃការរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ។ទន្ទឹមគ្នានេះ សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ 

បើតាមសម្តេច ហ៊ុន សែន មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។ដូច្នេះ​សម្តេចចង់ឃេីញកម្ពុជាក្លាយជាប្រទេសឈានមុខគេលេីពិភពលោកក្នុងការផលិតស្វាយចន្ទី រួមទាំងការកែច្នៃស្វាយចន្ទីដោយខ្លួនឯងសម្រាប់ការនាំចេញ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចហេីយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការលេីកស្ទួយវិស័យស្វាយចន្ទី។គោលនយោបាយនេះ ត្រូវបានគេយល់ឃើញថា ជាការរៀបចំឲ្យមានវេទិកាជាតិមួយស្តីពីស្វាយចន្ទីដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយស្វាយចន្ទីឲ្យបានជោគជ័យ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ស្វាយចន្ទី ភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។

បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និង ទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង