Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

វៀតណាមស្នើឱ្យកូរ៉េខាងត្បូងទទួលស្គាល់ការ«សម្លាប់រង្គាល»ក្នុងសង្គ្រាមកន្លងទៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកស្រី Pham Thu Hang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសវៀតណាម

វៀតណាម៖ ប្រទេសវៀតណាមបានស្នើឱ្យកូរ៉េខាងត្បូងគោរពការពិតជាប្រវត្តិសាស្ត្រ បន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួនបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការដើម្បីផ្តល់សំណងដល់ជនរងគ្រោះនៃការសម្លាប់រង្គាលដែលប្រព្រឹត្តដោយទាហានកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិកចាប់តាំងពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៣។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានគូសបញ្ជាក់ថា “ជំហររបស់វៀតណាមគឺទុកអតីតកាលចោល ហើយសម្លឹងឆ្ពោះទៅអនាគត ប៉ុន្តែនោះមិនមែនមានន័យថាបដិសេធការពិតប្រវត្តិសាស្ត្រនោះទេ”។លោកស្រីបន្ថែមថា «យើងមានការសោកស្ដាយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តប្ដឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ»។

ការឆ្លើយតបរបស់លោកស្រី Hang បានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់តុលាការក្រុងសេអ៊ូលដែលបញ្ជាឱ្យរដ្ឋាភិបាលផ្តល់សំណងដល់ជនរងគ្រោះជាជនជាតិវៀតណាមពីការសម្លាប់រង្គាលឆ្នាំ ១៩៦៨ ។

លោកស្រី Hang បាននិយាយថា “ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់យើង វៀតណាមស្នើឱ្យកូរ៉េខាងត្បូងទទួលស្គាល់ និងគោរពប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ ទន្ទឹមនឹងការជំរុញសកម្មភាពជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម”។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការដែលបានប្រកាសកាលពីថ្ងៃទី ៧ ខែកុម្ភៈ តុលាការក្រុងសេអ៊ូលកណ្តាលបានបង្ខំរដ្ឋាភិបាលកូរ៉េខាងត្បូងឱ្យបង់ប្រាក់សំណងចំនួន ២៤,០០០ដុល្លារដល់លោកស្រី Nguyen Thi Thanh ដែលក្នុងឆ្នាំ ១៩៦៨ បានបាត់បង់សមាជិកគ្រួសារនៅពេលដែលទាហានកូរ៉េខាងត្បូងបានសម្លាប់ជនស៊ីវិលចំនួន ៧៤ នាក់នៅក្នុងខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម។

គួរបញ្ជាក់ថានេះគឺលើកទីមួយហើយដែលតុលាការកូរ៉េខាងត្បូងបានទទួលស្គាល់ការទទួលខុសត្រូវរបស់រដ្ឋក្នុងការផ្តល់សំណងដល់ជនរងគ្រោះនៃការសម្លាប់រង្គាលក្នុងសង្គ្រាមវៀតណាម។ កូរ៉េខាងត្បូងបានដាក់ពង្រាយទាហានជាង៣០០.០០០នាក់ទៅកាន់ប្រទេសវៀតណាមពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ ដែលស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីកងកម្លាំងយោធាអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង