
ភ្នំពេញ៖ ក្រុមការងារទាំងវិស័យឯកជន និង រដ្ឋតំណាងឱ្យក្រសួងការងារ នៅថ្ងៃទី ៧ មីនា បានបើក កិច្ចប្រជុំត្រៀមសម្រាប់ការអនុវត្ត បើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារដោយវិបត្តិសេដ្ឋកិច្ចសកល។ក្នុងកិច្ចប្រជុំនោះ វិស័យឯកជន និងរដ្ឋ ឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ។
ក្រុមការងារផ្នែករដ្ឋាភិបាលតំណាងដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។
ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធ បានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ដែលនាំដល់ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។
ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីរដ្ឋ និង ឯកជន បានសម្រេចឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា រោងចក្រកំពុងព្យួរកិច្ចសន្យាការងារសរុបមានចំនួន ៧១ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៣២ ០២៣នាក់ (ស្រី ២៦ ០៥៥នាក់)។ក្នុងចំណោម៧១រោងចក្រនោះមាន៖ រាជធានីភ្នំពេញមាន ៣៤រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ១២ ០១០នាក់ (ស្រី ៩ ៨៣៦នាក់)។ចំណែកនៅខេត្ត មាន៣៧ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ២០ ០១៣នាក់ (ស្រី ១៦ ២១៩នាក់)។
ក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ -១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវគោលការណ៍ជួយដល់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូបដែលត្រូវបានព្យួរកិច្ចសន្យាការងារគឺ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ហើយម្ចាស់រោងចក្រ ត្រូវផ្តល់ជូន ៣០ដុល្លារ៕