
ក្រិក៖ ប៉ូលីសក្រិកបានចាប់ខ្លួនមេស្ថានីយ៍រថភ្លើងនៅទីក្រុង Larissa កាលពីថ្ងៃពុធបន្ទាប់ពីការបុករថភ្លើងដ៏សាហាវនៅកណ្តាលប្រទេសក្រិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ជនសង្ស័យត្រូវប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាត និងធ្វេសប្រហែសក្នុងការងារដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើន។ រថភ្លើងដឹកអ្នកដំណើរសរុប ៣៤៦ នាក់បានធ្លាក់លើផ្លូវរថភ្លើងដឹកទំនិញនៅជិតក្រុង Larissa ជិតពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ។
រថភ្លើងដឹកអ្នកដំណើរកំពុងធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Thessaloniki ភាគខាងជើងប្រទេសក្រិក ពីរដ្ឋធានី Athens ខណៈដែលរថភ្លើងដឹកទំនិញបានចាកចេញពីទីក្រុង Thessaloniki ឆ្ពោះទៅទីក្រុង Athens។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ការបុកគ្នាយ៉ាងសាហាវនេះ បណ្តាលមកពីការពន្យារពេលក្នុងការផ្លាស់ប្តូរគន្លងផ្លូវសម្រាប់រថភ្លើងទាំងពីរ។
ប្រធានាធិបតីក្រិកលោកស្រី Katerina បានទៅទស្សនាកន្លែងបុកគ្នាកាលពីថ្ងៃពុធ ដោយសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយបានផ្ញើការគាំទ្រ និងសាមគ្គីភាពរបស់នាងទៅកាន់គ្រួសារដែលបានស្លាប់ដោយលោកស្រីបន្ថែមថា រដ្ឋាភិបាលក្រិកនឹងផ្តល់ជំនួយចាំបាច់ទាំងអស់សម្រាប់ពួកគេ។ ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ រដ្ឋមន្ត្រីដឹកជញ្ជូនក្រិក Kostas Karamanlis បានដាក់ពាក្យលាលែងពីតំណែងកាលពីរសៀលថ្ងៃពុធ៕