Yearendyearend1140x150
Img 0571

ទីផ្សារ«ម្រេចកំពត»ស្រពេចស្រពិល ខណៈមានតែក្រុមហ៊ុន៦ចុះកុងត្រាទិញធ្លាក់ចុះជាងឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត (រូបភាព៖ RFA)

ភ្នំពេញ៖ ទីផ្សារម្រេចកំពតក្នុងឆ្នាំ២០២៣នេះនៅមានភាពស្រពេចស្រពិលនៅឡើយ ខណៈគិតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនតែ៦ប៉ុណ្ណោះដែលបានចុះកុងត្រាប្រមូលទិញម្រេចពីកសិករដាំដុះម្រេចខេត្តកំពត។ នេះបើតាមប្រសាសន៍លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់ស៊ីស៊ីថាមស៍។

លោកងួន ឡាយ បានលើកឡើងថា បើពិនិត្យមើលកសិករដាំដុះម្រេចកំពតនៅក្នុងឆ្នាំ២០២២មានរហូតដល់ជាង៤៤០គ្រួសារ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ពិនិត្យឃើញថាគ្រសួសារកសិករដាំដុះម្រេចនៅសល់ត្រឹមតែ៣៧៩គ្រួសារតែប៉ុណ្ណោះ ព្រោះកសិករតូខ្នាតតូចខ្លះបានលក់ដីឱ្យទៅក្រុមហ៊ុនដែលវិនិយោគលើដំណាំផ្សេងៗ ហើយសម្រាប់កសិករខ្នាំតធំៗមួយចំនួនទៀតពុំមានការគ្រប់គ្រងកសិដ្ឋានឱ្យបានល្អជាហេតុធ្វើឱ្យបាត់បង់កសិដ្ឋានជាដើម។ ទន្ទឹមនឹងនេះ សមាគមដាំម្រេចខេត្តកំពតមានក្រុមហ៊ុនជាដៃគូដល់ទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែមកដល់ថ្ងៃនេះក្រុមហ៊ុនដែលកំពុងដំណើរការមាន៦តែប៉ុណ្ណោះដែលបានចុះកុងត្រាជាមួយកសិករសម្រាប់នាំចេញម្រេចក្នុងឆ្នាំ២០២៣នេះ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ការពង្រីកផ្ទៃដីដាំដុះម្រេចក្នុងខេត្តកំពតស្ទើតែមិនមានទេ ហើយនាដើមឆ្នាំ២០២៣នេះ គឺមិនទាន់មានការប្រមូលផលម្រេចនៅឡើយទេ ដូចនេះផែនការនៃការនាំចេញម្រេចកំពតសម្រាប់ឆ្នាំ២០២៣នេះក៏ពុំទាន់មានទិន្នន័យជាក់លាក់ដែរ។ ប៉ុន្តែលោកអាចសន្និដ្ឋានថាទីផ្សារម្រេចកំពតនៅក្នុងឆ្នាំ២០២៣នេះ ក៏ដូចជាមុខទំនិញដែលត្រូវនាំចេញ គឺមានទីផ្សារប្រហាក់ប្រហែលគ្នានិងឆ្នាំ២០២២។

ម្រេចកំពតភាគច្រើនមានទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុប អាមេរិក និងតំបន់អាស៊ីមួយចំនួនដូចជា៖ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ ហុងកុង ជាដើម។ ការនាំចេញម្រេចទៅទីផ្សារក្រៅប្រទេសដែលមានចម្ងាយឆ្ងាយក៏មានជួបបញ្ហាមួយចំនួនដែរដូចជា ការឡើងថ្លៃការដឹកជញ្ជូនតាមផ្លូវអាកាស ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែបន្តកម្ម៉ង់ម្រេចកំពត ហើយគ្រាន់តែកម្ម៉ង់តិចជាងមុន គឺចន្លោះពី៥០០គីឡូ ទៅ១តោនតែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍ប្រធានសមាគមម្រេចកំពត។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ សមាគមបាននាំចេញម្រេចសរុបចំនួន១០៦តោន ក្នុងនោះម្រេចស្ងួតចំនួន៧៩តោន ម្រេចកែថ្នៃជាជ្រក់មានជាង៣៥តោន។ សម្រាប់តម្លៃលោកបញ្ជាក់ថា តម្លៃម្រេចកំពតដែលលក់ចេញពីកសិដ្ឋានផ្ទាល់គឺម្រេចខ្មៅតម្លៃ ១៥ ដុល្លារ, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ ក្នុង ១ គីឡូក្រាម ដោយតម្លៃនេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ដូច្នេះតម្លៃនេះ គឺកសិករអាចទទួលយកបាន។ រីឯម្រេចជ្រក់ដែលមិនទាន់កែច្នៃ(លក់ទាំងទង) មានតម្លៃ៥ដុល្លារទៅ៦ដុល្លារក្នុងមួយគីឡូ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង