
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាល បង្កើត "ការផ្លាស់ប្តូរជាមូលដ្ឋាន" នៅក្នុងផលិតកម្មកសិកម្ម។ ចំពេលមានការភ័យខ្លាចថា កង្វះស្បៀងអាហាររបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍។
លោក Kim បាននិយាយថា ការឈានដល់គោលដៅផលិតកម្មគ្រាប់ធញ្ញជាតិនៅឆ្នាំនេះគឺជាអាទិភាពចម្បងមួយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតកម្មកសិកម្មដែលមានស្ថិរភាពក្នុងអំឡុងថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េលើកទី ៨ កាលពីថ្ងៃចន្ទ ។ ការលើកឡើងរបស់លោក គីម ធ្វើឡើងចំពេលមានរបាយការណ៍ពីការកើនឡើងនៃកង្វះស្បៀងអាហារនៅក្នុងប្រទេស ទោះបីជាកូរ៉េខាងជើងបានបដិសេធការលើកឡើងដែលថាខ្លួនមិនអាចផ្គត់ផ្គង់ដល់ពលរដ្ឋរបស់ខ្លួនក៏ដោយ។ កាលពីដើមខែនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង «ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺន»។
យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា កសិដ្ឋានសមូហភាពមានចំណែកភាគច្រើននៃកសិកម្មរបស់ប្រទេសកូរ៉េខាងជើង។ កសិដ្ឋានបែបនេះជាធម្មតាទទួលកសិករតូចៗជាច្រើនដែលផលិតដំណាំដោយប្រើកម្លាំងពលកម្មរួមគ្នា។
កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរងសម្ពាធតានតឹងបន្ថែមទៀតដោយការបិទព្រំដែនដែលកំណត់ដោយខ្លួនឯងយ៉ាងតឹងរ៉ឹងក្នុងគោលបំណងបញ្ឈប់ការផ្ទុះឡើងនៃ កូវីដ១៩ ។
វិសាលភាពពេញលេញនៃការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើងគឺមិនច្បាស់លាស់ ប៉ុន្តែនៅក្នុងរបាយការណ៍ខែមករា គម្រោង 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបាននិយាយថា អសន្តិសុខស្បៀងគឺអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សដែលបានបំផ្លិចបំផ្លាញប្រទេសនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ៕