ចិន៖ ក្រសួងការបរទេសចិនបានព្រមានពីវិធានការតបតដើម្បីដាក់ទណ្ឌកម្មអង្គភាពអាម៉េរិកកាលពីថ្ងៃពុធ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន "ប្រតិកម្មខ្លាំងៗ" ទៅនឹងការចោទប្រកាន់ថា បាឡុងចារកម្មចិននៅក្នុងដែនអាកាសអាម៉េរិក ហើយអាម៉េរិកបានបាញ់ទម្លាក់ចោល។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានគូសបញ្ជាក់ថា "សហរដ្ឋអាម៉េរិកបានបំពានកម្លាំង ប្រតិកម្មហួសហេតុ ធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ហើយបានប្រើលេសថាជាការដាក់ទណ្ឌកម្មដោយខុសច្បាប់ចំពោះក្រុមហ៊ុន និងស្ថាប័នរបស់ចិន"ជុំវិញបាឡុងស្ទង់អាកាសធាតុរបស់ប្រទេសដែលបានចូលក្នុងដែកដីអាម៉េរិកដោយអចេតនា។លោកបន្ថែមថា «ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយនឹងចាត់វិធានការប្រឆាំងនឹងអង្គភាពពាក់ព័ន្ធរបស់អាម៉េរិក ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ស្របតាមច្បាប់»។
មន្ត្រីចិនបានអះអាងថា បាឡុងដែលបានឆ្លងកាត់ទឹកដីអាម៉េរិកខាងជើងកាលពីដើមខែនេះ គឺជាបាឡុងអាកាសស៊ីវិលគ្មានមនុស្សបើក ហើយបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាម៉េរិកដោយអចេតនា។ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាម៉េរិកមួយគ្រឿងបានបាញ់ទម្លាក់បាឡុងកាលពីថ្ងៃទី៤ កុម្ភៈ នៅឆ្នេរនៃរដ្ឋ South Carolina ។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានអះអាងថា ការហោះហើរនេះគឺជាផ្នែកមួយនៃកម្មវិធីចារកម្មរបស់ចិន ដែលបានកំណត់គោលដៅជាង ៤០ ប្រទេស។
ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនោះ ហើយបានតបតវិញថា អាម៉េរិកតែងតែបញ្ជូនបាឡុងចារកម្មលើប្រទេសចិន។ លោក Wang បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហោះបាឡុងកម្ពស់ខ្ពស់លើដែនអាកាសចិនច្រើនជាង ១០ ដងចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ រួមទាំងការហោះហើរពីលើតំបន់ Xinjiang និងទីបេ៕