
រុស្សី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា កងកម្លាំងរុស្សីបានវាយប្រហារទាហានអ៊ុយក្រែន និងបរិក្ខារពាសដែកជាច្រើនក្នុងអំឡុងពេលនៃការវាយលុករបស់ខ្លួនក្នុងទិសដៅជាច្រើនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈដែលអ៊ុយក្រែនបានអះអាងថាកងកម្លាំងអាកាសរបស់ខ្លួនបានធ្វើការវាយប្រហារចំនួន ១៥ លើកលើទីតាំងរបស់រុស្ស៊ី។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានគូសបញ្ជាក់ថា ការវាយលុករបស់រុស្ស៊ីក្នុងទិសដៅជាច្រើនដូចជាតំបន់ កុបយ៉ានណាក់, ក្រាស់នី និង ដូណាស់ បានធ្វើឱ្យខូចខាតដល់កម្លាំងមនុស្ស និងផ្នែក យោធានៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) រួមទាំងរថយន្តភីកអាប់ រថពាសដែក និងគ្រាប់រ៉ុក្កែត។
លោក Konashenkov បន្តទៀតថា យន្តហោះចម្បាំងរុស្ស៊ីបានស្ទាក់យន្តហោះ Mig-29 និងឧទ្ធម្ភាគចក្រ Mi-8 របស់កងទ័ពអាកាសអ៊ុយក្រែននាពេលថ្មីៗនេះ ហើយកងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ HIMARS MLRS ចំនួនបួនគ្រាប់ និងកម្ទេចយន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៧ គ្រឿង។
ចំណែកនាយកដ្ឋានយោធាអ៊ុយក្រែនជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថាកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងតំបន់ចំនួនប្រាំបួនដូចជា Sumy, Zaporizhzhia និង Donetsk ក្នុងរយៈពេល ២៤ ម៉ោង។ទន្ទឹមនឹងនេះ កងទ័ពអាកាសអ៊ុយក្រែនបានបើកការវាយប្រហារ ១៥លើក ទៅលើទីតាំងរបស់រុស្ស៊ី និងបានបាញ់ទម្លាក់យន្តហោះ Su-24M មួយគ្រឿង និងយន្តហោះ Su-25 មួយគ្រឿង៕