ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៤ កុម្ភៈនេះ បានប្រកាសសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD មានបំណងចូលបំរើកិច្ចការរដ្ឋ។ការសម្រេចនេះ ធ្វើឡើងក្រោយពីសារព័ត៌មានVODបិទទ្វាដោយសារបំពានវិជ្ជាជីវៈសារព័ត៌មានប៉ះពាល់ដល់រាជរដ្ឋាភិបាល។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា "ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។"
សម្តេច ហ៊ុន សែន បានណែនាំដល់បុគ្គលិកនៅVODត្រូវធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច។
បើតាមសម្តេច ហ៊ុន សែន ស្នើសុំអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ហើយសម្តេចសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
សម្រាប់សម្តេច ហ៊ុន សែន ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕
គួរបញ្ជាក់ថា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតបែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាន ក្រោយរដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាប័ណ្ណវិទ្យុ VOD។សម្រាប់តំណាងស្ថានទូត ការបិទ VOD នេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ ដែលមានសារៈសំខាន់សម្រាប់សង្គម។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕