Yearendyearend1140x150

កម្ពុជាចាត់ទុកការបារម្ភរបស់ទូតមួយចំនួនលើការបិទVODធ្វើឡើងក្រោមហេតុផលនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកអាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៤ កុម្ភៈនេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហើយប្រកាសច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និង មានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស។សម្រាប់ក្រសួងការបរទេសកម្ពុជា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះសារព័ត៌មានVODដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានពន្យល់ថា ចំណាត់ការរបស់កម្ពុជាចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។សម្រាប់ក្រសួងការបរទេស សម្តែងការសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងមួយចំនួន បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។

បើតាមសេចក្តីថ្លែងការណ៍ ការអះអាងថាជា «សារព័ត៌មានសេរី និង ឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាព ឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវលើការងារ និង ការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឱ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។

ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត ហើយជាតំណាងឱ្យប្រទេសមានអរិយធម៌ និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»។

គួរបញ្ជាក់ថា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតបែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាន ក្រោយរដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាប័ណ្ណវិទ្យុ VOD។សម្រាប់តំណាងស្ថានទូត ការបិទ VOD នេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ ដែលមានសារៈសំខាន់សម្រាប់សង្គម។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង