
ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៣ កុម្ភៈនេះ អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ។ក្នុងដំណើរទស្សកិច្ចនោះ ភាគីកម្ពុជា និង ឡាវ គ្រោងនឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»។
ដូចការគ្រោងទុក នៅថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ជាដំណើរទស្សនកិច្ចមានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ហើយនឹងជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
ក្រៅពីនេះសម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសជិតខាងទាំងបីរបស់កម្ពុជា ប្រទេសឡាវ គឺជាអ្នកជិតខាងដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា តិចជាងគេ។ ទោះជាមានតិចតួចក្ដី ក៏ចំណងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ត្រូវបានតភ្ជាប់តាមរយៈសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដូចជា ការដោះដូរពាណិជ្ជកម្ម និងលំហូរទេសចរណ៍៕