
ចិន៖ ក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសចិនបានបើកប្រតិបត្តិការស្វែងរកជនរងគ្រោះដែលកំពុងជាប់គាំងក្នុងគំនរបែកបាក់នៃអាគារដួលរលំក្នុងប្រទេសតួកគីជាច្រើន ក្រុមប្រតិបត្តិការពិសេសនេះមានបទពិសោធន៍រុករកនិងជួយសង្រ្គោះក្នុងឧប្បត្តិហេតុធ្ងន់ធ្ងរជាច្រើន ។
ក្រុមជំនួយរបស់ចិនបាននឹងកំពុងប្រជែងពេលវេលាដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្រោមគំនរបាក់បែកដោយសារតែគ្រោះរញ្ជួយដី អាកាសធាតុត្រជាក់កំពុងតែបង្កបញ្ហាយ៉ាងស្មុកស្មាញដល់គ្រប់ជួយសង្រ្គោះរបស់ប្រទេសចិន។

អគារលំនៅដ្ឋាននៅតំបន់នោះត្រូវបានរុះរើទាំងស្រុងជាមួយនឹងគំនរកម្ទេចថ្មដ៏ច្រើនសន្ធឹកសន្ធាប់។ ដើម្បីធានាបាននូវប្រតិបត្តិការជួយសង្គ្រោះប្រកបដោយសុវត្ថិភាព អ្នកជំនាញមកពីក្រុមជួយសង្គ្រោះចិនបានឡើងទៅលើគំនរបាក់បែក ដើម្បីធ្វើការអង្កេតលម្អិតនៃរចនាសម្ព័ន្ធដែលបានដួលរលំ។
កងកម្លាំងជួយសង្គ្រោះជឿថា មានមនុស្សជាប់នៅក្រោមគំនរបាក់បែកជាច្រើននាក់ ខណៈដែលពួកគេបានឮសំឡេងគោះចេញពីក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះចិនក៏បានផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈដល់ក្រុមជួយសង្គ្រោះក្នុងតំបន់បន្ទាប់ពីធ្វើការស៊ើបអង្កេតនៅនឹងកន្លែង។
លោក Zhao Yang អនុប្រធានក្រុមស្រាវជ្រាវ និងជួយសង្គ្រោះចិន បានឲ្យដឹងថា«ប្រសិនបើយើងចង់ពន្លឿនដំណើរការជួយសង្គ្រោះ ខ្ញុំស្នើឱ្យក្រុមការងារទាំងអស់គ្នាជួយរើបេតុងបែកបាក់ចេញឲ្យអស់ទើបយើងស្រួលក្នុងការស្វែងរកអ្នកដែលកំពុងតែត្រូវបានគំនរបេតុងសង្គត់។

ក្រុមជួយសង្គ្រោះចិនបានមកដល់កន្លែងកើតហេតុ ជាមួយនឹងឧបករណ៍ស្វែងរក និងជួយសង្គ្រោះដែលមានជំនាញផ្សេងៗគ្នា។ ផ្អែកលើការស៊ើបអង្កេតពីមុន ពួកគេបានប្រើឧបករណ៍រាវរកពិសេសៗជាច្រើនដែលអាចកំនត់ទីតាំងអ្នកដែលកំពុងជាប់គាំងក្នុងគំនរអាគារបែកបាក់។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃសុក្រនេះពលរដ្ឋតួក និងស៊ីរីជាង ២ម៉ឺននាក់បានបាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយដីមិនធ្លាប់កើតមានជាង ១០០ឆ្នាំ ក្នុងនោះមានអាគារជាង១ម៉ឺនខ្នងបានដួលរលំ និង ជនរងគ្រោះជាច្រើនម៉ឺននាក់ទៀតកំពុងជាប់ក្នុងគំនរនៃអាគារបែកបាក់។ បច្ចុប្បន្នមានបណ្តាលប្រទេសជាច្រើនរួមទាំងកម្ពុជាយើងផងដែរបានផ្តល់ជំនួយដល់ប្រទេសតួកគី៕
