
ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចាប់ផ្តើមដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដើម្បីជំរុញឱ្យសម្ព័ន្ធមិត្តបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន និងប្រគល់ "សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន"។
ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងពិចារណាលើសំណើនេះក្នុង "រយៈពេលវែង" ទោះបីជាសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតកំពុងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនក្តី ក៏ចក្រភពអង់គ្លេសហាក់បីដូចជាមានភាពស្ទាក់ស្ទើក្នុងការបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់អ៊ុយក្រែន។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយថា លោកបានប្រគល់ភារកិច្ចឱ្យរដ្ឋលេខាធិការការពារជាតិឱ្យ "ស៊ើបអង្កេតថាតើយន្តហោះប្រភេទណាដែលយើងអាចផ្តល់ឱ្យ អ៊ុយក្រែន" ។
ក្នុងពេលជាមួយគ្នានេះ ការហ្វឹកហ្វឺនថ្មីរបស់ចក្រភពអង់គ្លេសនឹង "ធានាថាអ្នកបើកយន្តហោះអាចហោះហើរយន្តហោះចម្បាំងតាមស្តង់ដាររបស់អង្គការណាតូនាពេលអនាគត" ជៀសវាងការបង្កទៅជាជម្លោះណាមួយជាមួយប្រទេសរុស្សី។ នៅទីក្រុងឡុងដ៍លោក Zelenskyy បានពិភាក្សាជាមួយលោក Sunak ហើយក៏បានជួបជាមួយស្តេច Charles III ផងដែរ។
រុស្ស៊ីបាននិយាយជាបន្តបន្ទាប់ថានឹងមាន "ការឆ្លើយតប" ពីទីក្រុងម៉ូស្គូ ប្រសិនបើចក្រភពអង់គ្លេសផ្គត់ផ្គង់យន្តហោះទៅអ៊ុយក្រែន៕