បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជាង១៧ម៉ឺនគ្រួសារ នៅបណ្តាខេត្តក្រុងចំនួន១៤ ទូទាំងប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុងឆ្នាំ២០២២។ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៤ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយជះឥទ្ធិពលដល់គ្រួសារចំនួនជាង៤ម៉ឺនគ្រួសារ និងកុមារចំនួនជាង២ម៉ឺននាក់។
របាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយនេះ មុខម្ហូបសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ការហូបចុកជាប្រចាំ មានការកើនឡើងពី១៧% ដល់៤២% គិតត្រឹមខែកក្កដា ឆ្នាំ២០២២។ ក្រៅពីនេះ ជំងឺកូវីដ ១៩ កត្តាប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ជាពិសេសគ្រួសារងាយរងគ្រោះ ទៅលើការប្រកបរបរចិញ្ចឹមជីវិត និងបញ្ហាសុខភាពផ្សេងៗ។
ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់ (BMZ) តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា អង្គការវឌ្ឍនភាព និងអង្គការសុវណ្ណភូមិ បាននិងកំពុងរួមគ្នាអនុវត្តគម្រោង «លើកកម្ពស់សន្តិសុខស្បៀង និងការបន្ស៉ាំការប្រែប្រួលអាកាសធាតុរបស់គ្រួសារងាយរងគ្រោះ» ក្នុងស្រុកចំនួន០៤ ដូចជា ស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបុរី និងថ្មពួក នៃខេត្តបន្ទាយមានជ័យ។ គម្រោងរយៈពេលពីរឆ្នាំកន្លះ ដែលចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ ដល់នៅខែឧសភា ឆ្នាំ២០២៥ រំពឹងថាមានអ្នកទទួលផលចំនួន៩០០គ្រួសារ ១៦ សហគមកសិកម្ម និង៥១ មណ្ឌលសុខភាព។
សម្រាប់នាយកប្រតិបត្តិអង្គការសុវណ្ណភូមិ លោក សុខ ហេង ជំនួយនាពេលនេះ នឹងផ្តល់លទ្ធភាពដល់អង្គការសុវណ្ណភូមិ ក្នុងការធ្វើការជាមួយសហគន៍ ក្រោមការសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណេះជំនាញដល់សហគមន៍ទាំង អាហារូបត្ថម្ភ និងវិធីសាស្រ្តកសិកម្ម។
លោកស្រី ហេង ចាន់ថុន នាយកិកាអង្គការវឌ្ឍនភាព បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឱ្យគម្រោងសម្រេចតាមគោលដៅដែលបានគ្រោង តាមរយៈការពង្រឹងនូវកិច្ចសហការពីគ្រប់អ្នកពាក់ពន្ធ័ ដូចជាមន្រ្តីជំនាញ សង្គមស៊ីវិលក្នុងតំបន់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រគ្រួសារក្រីក្រ ប្រកបដោយតម្លាភាព និងសមភាព។
លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានមានប្រសាសន៍ថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ នឹងផ្ដល់ផលជះវិជ្ជមានដល់គ្រួសារងាយរងគ្រោះ ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថរបស់ពួកគាត់ ហើយលើកទឹកចិត្តឱ្យមានការចូលរួម តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងសកម្មភាពផ្សេងៗ។
លោកបន្តថា គម្រោងក៏គាំទ្រ និងជំរុញឱ្យមានកំណើននៃចំណូលរបស់គ្រួសារងាយរងគ្រោះ តាមរយៈការផ្សាភ្ជាប់ទីផ្សារ និងសម្របសម្រួលដំណើរការនៃក្រុមសហគមន៍កសិកម្ម។ លើសពីនេះទៅទៀត គម្រោងនេះនឹងផ្ដល់ផលជះទៅដល់ជីវិតរបស់កុមារងាយរងគ្រោះជាច្រើន ព្រោះការរីកចម្រើននៃសមត្ថភាពការងារ និងភាពនឹងនរនៃចំណូលរបស់ម្ដាយឪពុក និងអាណាព្យបាល អាចបង្កើតបរិយាកាសលូតលាស់ល្អមួយដល់កុមារ ទាំងលើការសិក្សារៀនសូត្រ និងសុខភាព។
ទន្ទឹមនឹងការសាទរចំពោះវត្តមាននៃគម្រោងនេះ ឯកឧត្តមវិជ្ជបណ្ឌិត សាយ អ៉ឹង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានកត់សម្គាល់ថា ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ តែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ ជាពិសេសជួយកាត់បន្ថយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមវិជ្ជបណ្ឌិត សាយ អ៉ឹង បានមានប្រសាសន៍ទៀតថា៖ «សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធន មនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ យើងស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភីវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីរួមគ្នា បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាពនៅកម្ពុជា»៕