
តួកគី៖ គ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលនៃប្រទេសតួកគី និងភាគពាយព្យនៃប្រទេសស៊ីរីនាថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ខណៈដែលអគារជាច្រើនបានដួលរលំពាសពេញតំបន់ជាច្រើន។
គ្រោះរញ្ជួយដីដ៏កាវសាហាវនេះបានវាយប្រហារតំបន់ Cyprus និង Lebanon ផងដែរ។
លោក Erdem ជាអ្នករស់នៅទីក្រុង Gaziantep ក្បែរចំណុចកណ្តាលនៃការរញ្ជួយដី បានឲ្យដឹងថាខ្ញុំរស់នៅទីនេះ៤០ឆ្នាំជាងហើយនេះជាប្រវត្តិសាស្រ្តហើយដែលខ្ញុំបានជួបហេតុការណ៌បែបនេះ ខ្ញុំតក់ស្លុតជាខ្លាំង អាគារជាច្រើនបានដួលរលំ ហើយមនុស្សជាច្រើនបានបាត់ខ្លួន និងបាត់បង់ជីវិត។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគីបានគូសបញ្ជាក់ថាមនុស្សចំនួន ៧៦ នាក់ត្រូវបានស្លាប់ និង ៤៤០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលអាជ្ញាធរបានប្រមូលផ្តុំក្រុមជួយសង្គ្រោះ និងផ្គត់ផ្គង់យន្តហោះទៅកាន់តំបន់រងគ្រោះ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងថា មនុស្សជាង ១០០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ដែលភាគច្រើននៅក្នុងខេត្ត Hama, Aleppo និង Latakia ជាកន្លែងដែលអគារជាច្រើនត្រូវបានដួលរលំ។

ជាមួយគ្នានេះដែររដ្ឋបាលក្នុងតំបន់បានបន្ថែមថាចំនួននាក់ស្លាប់នឹងរងបួសអាចកើនឡើងដល់ជាច្រើនពាន់នាក់នាពេលខាងមុខ ព្រោះបច្ចុប្បន្នអាគារធំៗជាច្រើនបានបន្តដួលរលំ ហើយមនុស្សជាច្រើនកំពុងជាប់ក្នុងគំនរបែកបាក់នៃអាគារ៕