Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អ្នកស្រុកអង្គរនាំគ្នាប្រារព្ធពិធី«ចាប់ត្រីរួមគ្នា»តាមទម្លាប់ពីបុរាណ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប នៅថ្ងៃទី ១ កុម្ភៈនេះ បានប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីនេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់។

តាំងពីព្រឹកព្រលឹមស្រាងៗប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃប្រដាប់ទៅដោយសំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាចុះចាប់ត្រី តាមទម្លាប់ប្រពៃណីពីបុរាណកាល អមជាមួយការបាញ់កាំជ្រួចធ្វើជាសញ្ញា។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិរួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស ពោលគឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។

ដូចរាល់ឆ្នាំដែលគណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និង ធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងរាល់ឆ្នាំ ហើយថាឆ្នាំនេះត្បិតទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ដោយប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។

បើតាមលោក ពេជ្រ ឃិន អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរមកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៍ទាំងរូបិយនិងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនាជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អង្គរឱ្យមានជីវិតរស់រវើក៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង