
ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាមមួយនៅភាគពាយព្យនៃទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ១០០នាក់ហើយ ខណៈដែលប្រទេសមួយនេះកំពុងតែប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែខ្លាំងឡើងពីក្រុមប្រដាប់អាវុធតាលីបង់។
យោងតាមមន្រ្តីប៉ាគីស្ថានបានឲ្យដឹងថា "រហូតមកដល់ពេលនេះសាកសពចំនួន ១០០នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Lady Reading" ដោយភាគច្រើននៃអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃចន្ទគឺជាមន្ត្រីប៉ូលិស។លោក Kashif Aftab Abbasi អគ្គនាយកជាន់ខ្ពស់នៃប្រតិបត្តិការប៉ូលីសនៅទីក្រុង Peshawar បានគូសបញ្ជាក់ថាយ៉ាងហោចណាស់មនុស្សជាង ២២៥ នាក់បានរងរបួសនៅក្នុងការបំផ្ទុះនេះ។

អាជ្ញាធរក្នុងតំបន់បានបន្ថែមថា ដំបូលនៃវិហារឥស្លាម ដែលមានទីតាំងនៅខាងក្នុងបរិវេណសន្តិសុខរបស់រដ្ឋាភិបាល បានដួលរលំនៅក្នុងការបំផ្ទុះ ហើយក្រុមអ្នកជួយសង្គ្រោះត្រូវយកចេញនូវគំនរបាក់បែក ដើម្បីយកសាកសពជាច្រើនពីកន្លែងបែកបាក់។
ការវាយប្រហារនេះគឺជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងទីក្រុង Peshawar ក្នុងរយៈពេលមួយទសវត្សរ៍ ហើយត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងប៉ូលីសក្នុងប្រទេសប៉ាគីស្ថាន៕
