
ភ្នំពេញ៖ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង ៤៥,៨ ទ្រីលានរៀល (១១,២ ប៊ីលានដុល្លារអាម៉េរិក) ក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៤,៧% ដល់ ៣៩,៧ទីលានរៀល (៩,៧ ប៊ីលានដុល្លារអាម៉េរិក) ដោយមាន ២,១ លានគណនី។ នេះបើតមារបាយការណ៍របស់ធនាគារជាតិប្រចាំឆ្នាំ២០២២។
យោងតាមរបាយការណ៍ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ ក្រុមគ្រួសារ ៣២,៨% នៃឥណទានសរុប (មានកំណើន ១១,៧%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (២០%), កសិកម្ម ១៧,៦% (៤,៦%), សេវាកម្ម ១៣,៨%, ដឹកជញ្ជូន ៤,៦% (-៦%), សំណង់ ៤,៦% (៣៦%), កម្មន្តសាល ១,៨% (៣៦,៦%), និងផ្សេងៗ១,៦% (៦២%)។
បើតាមរបាយការណ៍ប្រចាំឆ្នាំដដែល វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌប្រមូលប្រាក់បញ្ញើ ២០,៧ ទីលានរៀល (៥,១ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២១,២%) ដែលមាន ២,៦ លានគណនី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដែលមានការិយាល័យចំនួន ១.១០២ ទីតាំង និងបានផ្តល់សេវាកម្មដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត និងការដកនិងដាក់ប្រាក់តាមម៉ាស៊ីន ATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។
របាយការណ៍បញ្ជាក់ថា អត្រាការប្រាក់បញ្ញើជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាម៉េរិក បានកើនឡើងដល់៧,៥២% និង៧,៤១% រៀងគ្នា ធៀបនឹងឆ្នាំមុន (៧,១៩% និង៧% រៀងគ្នា)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល បានថយចុះបន្តិច ពី ១៦,៧៤%ឆ្នាំមុន មក ១៦,៧២% ខណៈអត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកបានកើនឡើងបន្តិចពី ១៤,៨០% ឆ្នាំមុន មក ១៤,៩៤%៕