Cctime 6monthsfree desktop
Cc times  web banner kh (2)

៣ខែដើមឆ្នាំ២០២៥ កម្ពុជាទទួល«គម្រោងវិនិយោគ»១៧២គម្រោង ទំហំទុនប្រមាណ ២,៥ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារ និង អាចបង្កើតការងារបានចំនួនប្រមាណជិត១២ម៉ឺនកន្លែង។គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និង គម្រោងវិនិយោគមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។នេះបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៣០៥លានដុល្លារអាម៉េរិកស្មើនឹងប្រមាណ១៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសរួមមានការវិនិយោគ ក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលលេចធ្លោជាងគេនោះមានពីរធំៗ គឺ ទី១ ហេដ្ឋារចនាសម្ព័ន្ធ ដែលជាគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៣គម្រោង នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធ៍សាត់ ដោយប្រើទុនវិនិយោគ ២៤៩ លានដុល្លារ។ ទី២ ខាងផ្នែកឧស្សាហកម្ម គឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុចំនួន ៣គម្រោង នៅខេត្តបន្ទាយមានជ័យ, ខេត្តកំពត និងខេត្តកំពង់ស្ពឺ និងគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់គ្រប់ប្រភេទ នៅខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពដដែល គម្រោងភាគច្រើនដែលមានការវិនិយោគទុនខ្ពស់ជាងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ និង ស្រោមដៃគ្រប់ប្រភេទ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ គម្រោងវិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ គម្រោងវិនិយោគបង្កើតរោងចក្ររោងចក្រផ្តុំដំឡើងយានយន្ត គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និង ​​គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង