
ប៉ាគីស្ថាន៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅវិហារអ៊ីស្លាមមួយដែលប្រជុំទៅដោយហ្វូងមនុស្សជាច្រើននៅទីក្រុង Peshawar ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ ការបំផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់ និងរបួសប្រហែល ១៥០ នាក់ផ្សេងទៀត។ នេះបើតាមមន្ត្រីរដ្ឋាភិបាល និងប៉ូលីសប៉ាគីស្ថានបានគូសបញ្ជាក់។
មនុស្សប្រមាណ ៣០០ ដែលកំពុងបន់ស្រន់ក្នុងវិហារអ៊ីស្លាមមួយត្រូវបានជនសង្ស័យម្នាក់ដើរចូលក្នុងវិហារហើយធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតភ្លាមៗ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ការបំផ្ទុះដ៏ខ្លាំងនេះបានបំផ្លាញផ្នែកមួយនៃអគារវិហារអ៊ីស្លាម និងធ្វើឱ្យអ្នកគោរពបូជាជាច្រើនជាប់គាំង និងរងរបួស។
ប្រភពផ្លូវការពីប៉ូលីស Peshawar បានបង្ហាញថា វាត្រូវបានគេជឿថា ជនបំផ្ទុះអត្តឃាតបានកំណត់គោលដៅលើបុគ្គលិកប៉ូលីស ដោយអ្នកវាយប្រហារបានលួចចូលទៅក្នុងតំបន់ហាមឃាត់ មុនពេលបំផ្ទុះខ្លួនឯងនៅក្នុងវិហារអ៊ីស្លាម។

ក្រោយការផ្ទុះនេះ មន្ទីរសុខាភិបាលខេត្តបានប្រកាសអាសន្នធំហើយបានស្នើឱ្យបុគ្គលិកពេទ្យទាំងអស់បន្តបំពេញកាតព្វកិច្ច។ កងកម្លាំងសន្តិសុខបានចូលរួមរំលែកទុក្ខពីតំបន់នោះ ហើយបានបើកការស៊ើបអង្កេតពេញលេញលើឧប្បត្តិហេតុនេះភ្លាមៗ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបំផ្ទុះគ្រាប់បែកនេះ ដោយលោកបានសង្គត់ធ្ងន់ថា ប្រជាជាតិទាំងមូលឈររួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្ម។
តំបន់ប៉ូលីស Lines គឺជាតំបន់ដ៏រសើបបំផុតនៃទីក្រុង Peshawar ដែលជាកន្លែងដែលភ្នាក់ងារអនុវត្តច្បាប់មួយចំនួនធំមានមូលដ្ឋាន រួមទាំង Frontier Corps និងនាយកដ្ឋានប្រឆាំងភេរវកម្មនៃប៉ូលីសខេត្ត Khyber Pakhtunkhwa។ បើទោះបីជាតំបន់នេះជាតំបន់តឹងរឹងក៏ដោយក៏ការបំផ្ទុះគ្រាប់បែកនៅតែបន្តកើតឡើងជាញឹកញាប់ដដែល៕