
សេអ៊ូល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានជំរុញឱ្យកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ដោយលោកបានលើកឡើងពីបណ្តាញសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។
លោក Stoltenberg មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងការប្រកួតប្រជែងជាមួយប្រទេសចិន។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក Stoltenberg បានអះអាងថា ព្រឹត្តិការណ៍នៅអឺរ៉ុប និងអាម៉េរិកខាងជើង មានទំនាក់ទំនងអន្តរកម្មជាមួយតំបន់ផ្សេងទៀត ហើយថាសម្ព័ន្ធភាពចង់ជួយគ្រប់គ្រងការគំរាមកំហែងជាសកលដោយការបង្កើនភាពជាដៃគូនៅអាស៊ី។
ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល លោកបានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ជំនួយជាច្រើនដល់អ៊ុយក្រែន ប៉ុន្តែលោកក៏បានជំរុញឱ្យកូរ៉េខាងត្បូងបន្តជួយផ្តល់ជំនួយផ្នែកយោធាផ្សេងៗទៀតជាច្រើនដល់អ៊ុយក្រែន។
កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗដែលផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយគ្រឿងដល់ប្រទេសប៉ូឡូញជាសមាជិកណាតូចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថាច្បាប់របស់ប្រទេសកូរ៉េគឺប្រឆាំងនឹងការផ្តល់អាវុធដល់ប្រទេសដែលកំពុងមានជម្លោះ។
លោក Stoltenberg បានកត់សម្គាល់ថាប្រទេសដូចជាអាល្លឺម៉ង់ ស៊ុយអែត និងន័រវែស មានគោលនយោបាយស្រដៀងគ្នាទៅនឹងកូរ៉េក៏ប៉ុន្តែប្រទេសទាំងនោះមានការផ្លាស់ប្តូរគោលជំហជួយអ៊ុយក្រែនភ្លាមៗ លោកសង្គត់ធ្ងន់ថា "ប្រសិនបើយើងមិនចង់ឱ្យស្វ័យភាព និងរបបផ្តាច់ការឈ្នះ នោះ (អ៊ុយក្រែន) ត្រូវការអាវុធ ជាការចាំបាច់បំផុត" ។
កាលពីឆ្នាំមុន កូរ៉េខាងត្បូងបានបើកបេសកកម្មការទូតលើកដំបូងរបស់ខ្លួនទៅកាន់អង្គការណាតូ ដោយប្តេជ្ញាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការមិនរីកសាយភាយនុយក្លេអ៊ែរ ការការពារតាមអ៊ីនធឺណិត ការប្រឆាំងភេរវកម្ម ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងផ្នែកសន្តិសុខផ្សេងទៀត៕