នូវែលសេឡង់៖ ភ្លៀងធ្លាក់ខ្លាំងជាកំណត់ត្រាចាប់ពីថ្ងៃសុក្រដល់ព្រឹកថ្ងៃសៅរ៍កន្លងទៅបានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ដោយបានសម្លាប់មនុស្ស ៣ នាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងប្រទេស។
លោក Nark Griffin អ្នកស្រុកដែលរងផលប៉ះពាល់ម្នាក់បានឲ្យដឹងថា ភ្លៀងធ្លាក់ប៉ុន្មានម៉ោងជាប់គ្នាៗក្រោយមកស្រាប់តែមានទឹកជំនន់ជនឡើងយ៉ាងខ្លាំងរហូតដល់ទឹកបានហូរចូលផ្ទះពលរដ្ឋក្នុងទីក្រុង Auckland ជាច្រើន។ លោកបន្ថែមជាទឹកជំនន់គឺជារឿងកម្របំផុតសម្រាប់ទីក្រុង Auckland។
ចំណែកអ្នកស្រី Jeannie Malhotra អ្នកស្រុកក្នុងតំបន់បាននិយាយថា វាគឺជាទឹកជំនន់ដ៏គួរឲ្យខ្លាចបំផុត ហើយវាជារឿងដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ អ្នកស្រីបន្ថែមថាទឹកជំនន់បានបណ្តាលឲ្យក្រុមគ្រួសារជាច្រើនគ្រួសារបាត់បង់សមាជិក និងបាត់បង់សម្ភារះជាច្រើនបូករួមទាំងសត្វជាទីស្រលាញ់ថែមទៀតផង។
នៅអាកាសយានដ្ឋានអន្តរជាតិ Auckland អ្នកដំណើរប្រហែល ២,០០០នាក់បានប្រឈមនិងបញ្ហាធ្វើដំណើរ និងកង្វះកន្លែងសម្រាកជាខ្លាំងក្រោយទឹកជំនន់បានបង្ខំឲ្យមន្រ្តីក្នុងតំបន់បិតជើងហោះហើរ និងប្រកាសអាសន្នក្នុងប្រទេសភ្លាមបន្ទាប់ពីទឹកជំនន់បានជន់ឡើងជាខ្លាំង។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសនូវែលសេឡង់បាននិយាយថា ទឹកជំនន់ជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនៅទូទាំងពិភពលោកនាពេលខាងមុខនេះ៕