
ញូវដែលី៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាពីរគ្រឿងបានធ្លាក់នាថ្ងៃសៅរ៍នេះ នៅក្នុងការប៉ះទង្គិចគ្នានៅកណ្តាលអាកាស ខណៈកំពុងធ្វើសមយុទ្ធចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីញូវដែល។នេះបើយោងតាមប៉ូលីសនៅកន្លែងធ្លាក់បានប្រាប់ AFP ។
មន្ត្រី Dharmender Gaur បានប្រាប់ AFP ថា "យើងបានរកឃើញបំណែកយន្តហោះមួយ ហើយបានរកឃើញអ្នកបើកយន្តហោះដែលរងរបួសនៅក្នុងព្រៃ Parhadgarh" ។ លោកបន្ថែមថា "យន្តហោះផ្សេងទៀតទំនងជាបានធ្លាក់ចុះឆ្ងាយពីទីតាំង ហើយយើងបានបញ្ជូនក្រុមដើម្បីស្វែងរកទីតាំងវា"។
បន្ថែមពីនេះការធ្លាក់នេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧបទ្ទវហេតុអាកាសចរណ៍ដែលពាក់ព័ន្ធនឹងកងយន្តហោះយោធារបស់ប្រទេសឥណ្ឌា។ ទាហានប្រាំនាក់បានស្លាប់កាលពីខែតុលាឆ្នាំមុន នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ក្នុងរដ្ឋ Arunachal Pradesh នៅជិតព្រំដែនយោធារបស់ប្រទេស និងជម្លោះជាមួយប្រទេសចិន៕