
រុស្សី៖ រដ្ឋមន្រ្តីការបរទេសរុស្សីលោក សឺហ្គី ឡាវរ៉ុវបានសម្តែងការពេញចិត្ត និងគោរពចំពោះគោលជំហររបស់អាហ្វ្រិកខាងត្បូងចំពោះជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ខណៈដែលអាហ្វ្រិកខាងត្បូងបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអាហ្រ្វិកខាងត្បូងអ្នកស្រី Naledi Pandor បានធ្វើជាសហប្រធាននៃកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ។
អ្នកស្រី Naledi Pandor បានប្រាប់អ្នកយកព័ត៌មានថា "គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច (ITEC) នៅតែជាវេទិកាសកម្មមួយសម្រាប់ការសម្របសម្រួលទំនាក់ទំនងទ្វេភាគីរបស់យើង ហើយ ITEC បន្តជួបប្រជុំគ្នាជាទៀងទាត់ ហើយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកខាងត្បូង និងសហព័ន្ធរុស្ស៊ី" ។ អ្នកស្រី Naledi សង្គត់ធ្ងន់ថា ដំណោះស្រាយដែលជំរុញដោយសន្តិវិធី និងកិច្ចសន្ទនាចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនត្រូវតែស្វែងរក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Lavrov បានវាយតម្លៃខ្ពស់ចំពោះជំហររបស់អាហ្វ្រិកខាងត្បូងចំពោះស្ថានភាពនៅអ៊ុយក្រែន។ លោក ឡាវរ៉ូវបានគូសបញ្ជាក់ថា"ខ្ញុំគោរពការចចារដោយបើកចំហរ និងវិធីសាស្រ្តប្រកបដោយទំនួលខុសត្រូវដែលអ្នកបានបង្ហាញដោយឈរលើមូលដ្ឋាននៃភក្តីភាពរបស់អ្នកចំពោះផលប្រយោជន៍ជាតិសំខាន់ៗរបស់អាហ្វ្រិកខាងត្បូង និងប្រជាជនរបស់ខ្លួន"។

សម្រាប់លោក ឡាវរ៉ូវប្រទេសរបស់លោកពេញចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងការចរចានៅដើមខែនៃជម្លោះ ប៉ុន្តែអ៊ុយក្រែនហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងការចរចារទេ។
កាលពីឆ្នាំ ២០២២ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាហ្វ្រិកខាងត្បូង និងរុស្ស៊ី។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៩២ កិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដែលគ្របដណ្តប់លើ វិស័យដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ រ៉ែ ឱសថ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕