
វៀតណាម៖ គណៈកម្មាធិការមជ្ឈិមបានយល់ព្រមអនុញ្ញាតឱ្យលោក Nguyen Xuan Phuc ឈប់ធ្វើជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការប្រធាន និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិវៀតណាមនាអាណត្តិ ២០២១-២០២៦ តាមសំណើរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការនាថ្ងៃអង្គារនេះ លោក Phuc គឺជាមេដឹកនាំដ៏សំខាន់នៃបក្សកុម្មុយនិស្ត និងរដ្ឋ។ គាត់ត្រូវបានគេទុកចិត្តនិងចាត់តាំងឱ្យកាន់តំណែងសំខាន់ៗជាច្រើនដោយគណៈកម្មាធិការ និងការិយាល័យនយោបាយ។
ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលឆ្នាំ ២០១៦-២០២១ លោក Phuc បានដឹកនាំ និងដំណើរការកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ដែលទទួលបានលទ្ធផលសំខាន់ៗ។
ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាមេដឹកនាំ លោកត្រូវទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យមន្ត្រីមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រីពីររូប និងរដ្ឋមន្ត្រីបីរូប ប្រព្រឹត្តិអំពើរំលោភបំពាន ដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរក្នុងប្រទេស។ ឧបនាយករដ្ឋមន្ត្រីពីររូបបានលាលែងពីតំណែង ខណៈរដ្ឋមន្ត្រីពីររូប និងមន្ត្រីមួយចំនួនទៀតកំពុងប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា "ដោយសារគាត់ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់ចំពោះបក្ស និងប្រជាជននោះលោក Phuc បានដាក់សំណើសុំលាលែងពីតំណែងរបស់គាត់ ហើយចូលនិវត្តន៍" ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចែងថា ប្រធានាធិបតីគឺជាប្រមុខរដ្ឋ តំណាងឱ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។ ប្រធានត្រូវបានបោះឆ្នោតដោយរដ្ឋសភាក្នុងចំណោមសមាជិកសភា ហើយដូច្នេះសភានឹងអនុវត្តនីតិវិធីដើម្បីបណ្តេញលោក Phuc ជាប្រធាន។
លោក Phuc ដែលមានអាយុ ៦៩ ឆ្នាំគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិ។ ពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រី ៥ ឆ្នាំក្រោយ៕