Cc time web banner 054637

រកឃើញសាកសព៦៨នាក់ ខណៈ៤នាក់ទៀតបាត់ខ្លួនក្រោយធ្លាក់យន្តហោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នេប៉ាល់៖ ការស្វែងរកមនុស្ស ៤ នាក់នៅតែមិនទាន់មានតំរុយនៅក្នុងការធ្លាក់យន្តហោះនេប៉ាល់ កាលពីថ្ងៃអាទិត្យនៅកណ្តាលប្រទេសនេប៉ាល់។ មន្រ្តីនេប៉ាល់បានគូសបញ្ជាក់ថាប្រតិបត្តិការនេះមានការចូលរួមពីទាហាន និងមន្រ្តីប៉ូលីស នឹងត្រូវបានផ្អាកនាពេលយប់នេះ។

កាលពីថ្ងៃអាទិត្យ សាកសពមនុស្ស ៦៨ នាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់នៅជ្រលងទន្លេ Seti ក្នុងស្រុក Kaski។ លោក Bhandari អ្នកនាំពាក្យកងទ័ពនេប៉ាល់ បានឲ្យដឹងថាការស្វែងរកមនុស្សបួននាក់ដែលនៅសល់គឺត្រូវចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ដោយកត់សម្គាល់ថា កងកម្លាំងសន្តិសុខនឹងការពារកន្លែងធ្លាក់យន្តហោះពេញមួយយប់។

យន្តហោះ Yeti Airlines ដឹកអ្នកដំណើរ ៦៨ នាក់ និងសមាជិកនាវិក ៤ នាក់បានធ្លាក់នៅពេលវាកំពុងហោះហើរពីតំបន់ តាម៉ាន់ឌូ ទៅ ប៉ុកហារ៉ា ។ លោក Jagannath Niroula អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) បានបដិសេធមិនធ្វើការប៉ាន់ស្មានអំពីជោគវាសនារបស់មនុស្សទាំងបួននាក់ដែលនៅតែបាត់ខ្លួននៅឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ CAAN បានឱ្យដឹងថា មានជនបរទេសចំនួន ១៥ នាក់នៅ ជនជាតិឥណ្ឌា ៥ នាក់ រុស្ស៊ី ៤ នាក់ កូរ៉េខាងត្បូង ២ នាក់ និងម្នាក់មកពីអូស្ត្រាលី អៀរឡង់ អាហ្សង់ទីន និងបារាំង។

គណៈរដ្ឋមន្ត្រីនេប៉ាល់បានប្រកាសកាន់ទុក្ខថ្នាក់ជាតិនៅថ្ងៃចន្ទសម្រាប់ជនរងគ្រោះ ហើយបានសម្រេចចិត្តបង្កើតគណៈកម្មាធិការដែលមានសមាជិកប្រាំនាក់ដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា នេប៉ាល់ គឺជាប្រទេសដែលស្ថិតនៅលើជ្រលងភ្នំហិមាល័យ ពុំមានផ្លូវថ្នល់ខ្វាត់ខ្វែងឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍នេប៉ាល់ បានរីកដុះដាលជាខ្លាំង តាមរយៈការដឹកជញ្ជូនទំនិញសម្ភារៈ និង ជាពិសេសអ្នកដំណើរ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ដែលនិយមធ្វើដំណើរទៅឡើងភ្នំហិម៉ាល័យ។សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង