Yearendyearend1140x150

លោក កើត ឆែ៖ស្ថានភាព«ទឹកជំនន់ស្ទឹងព្រែកត្នោត»នឹងស្រកនៅថ្ងៃនេះឬស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ទឹកជំនន់ស្ទឹងព្រែកត្នោត បានធ្វើឲ្យប្រជាពលរដ្ឋជាង១ពាន់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះ ក្នុងនោះប៉ះពាល់ផ្ទះពលរដ្ឋចំនួន១០៩០ខ្នង ហើយគិតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញកំពុងចុះទៅជាបន្តបន្ទាប់ ដើម្បីជួយប្រជាពលរដ្ឋកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ។ នេះបើតាមការឲ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា យោងតាមការផ្តល់ព័ត៌មានពីខេត្តកំពង់ស្ពឺគឺ ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ស្ពឺបានស្រកហើយ ដូច្នេះជាធម្មតាទឹកនៅខាងលើ និងខាងក្រោមមានភាពខុសគ្នា កាលណាទឹកខាងលើស្រកវាត្រូវហូរមកខាងក្រោមទៀត ចឹងអាចថាក្នុងថ្ងៃនេះ និងថ្ងៃស្អែកនេះ ស្ថានភាពទឹកនឹងអាចធូរជាងមុន។

លោក កើត ឆែ បានបញ្ជាក់ថា ក្នុងការជួយសង្រ្គោះ អាជ្ញាធរបានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ទី២ យកស្បៀងទៅចែកជូនប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភផ្សេងៗដើម្បីឲ្យធានាបាននូវជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ទី៣ អាជ្ញាធរត្រៀមរកទីទួលសុវត្ថិភាពជូនពលរដ្ឋ ក្នុងករណីដែលទឹកឡើងខ្លាំង ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់អាយុជីវិតរបស់ប្រជាពលរដ្ឋទេ ទី៤ អាជ្ញាធរនឹងផ្តល់នូវក្រុមគ្រូពេទ្យដើម្បីជួយសង្រ្គោះក្នុងពេលបឋម ប្រសិនបើពលរដ្ឋមានជំងឺរាគ ឬមានបញ្ហាពស់ចឹក ជាដើម ហើយអ្វីដែលជាទិសដៅរបស់អាជ្ញាធរគឺជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋគឺជាកាតព្វកិច្ចធំបំផុត។

បើតាមលោក កើត ឆែ បានពន្យល់ថា មូលហេតុដែលមានទឹកជំនន់នៅក្នុងរដូវប្រាំងនេះ គឺដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក គឺកម្ពុជាទទួលរងឥទ្ធិពលកូនព្យុះមួយពីប្រទេសចិន ហើយអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការស្តាប់ព័ត៌មានរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីងាយស្រួលបង្ការទុកជាមុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង