ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០នេះ បានបន្តប្រកាសឱ្យប្រជាពលរដ្ឋត្រូវបន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ការប្រកាសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមដល់៩នាក់ ដែលជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ មិថុនាកន្លងទៅ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈសារតេឡេក្រាម បានអំពាវនាវថា "សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស មានការធ្វេសប្រហែស និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយេីងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះ នឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន"។
បើតាមលោកជំទាវ មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហេីយនោះទេ ដែលអាចជួយ ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩ នេះបាន។