
រុស្សី៖ លោក Emmanuel Macron បានចាត់ទុកថាសង្រ្គាមរុស្សីជាមួយអ៊ុយក្រែន គោលដៅពិតប្រាកដរបស់ពូទីន គឺជាការស្តារឡើងវិញនៃចក្រភពរុស្សី និងការពារដែនដីរបស់ខ្លួនពីមហាអំណាចនៅក្បែរតំបន់របស់ប្រទេសរុស្សី។ ប្រធានាធិបតីបារាំងបានធ្វើការកត់សម្គាល់ដ៏ចម្លែកនេះក្នុងអំឡុងពេលបង្ហាញខ្លួនកាលពីថ្ងៃសៅរ៍នៅឯ Les Rencontres du Papotin ដែលជាកម្មវិធីទូរទស្សន៍ល្បីមួយក្នុងប្រទេសបារាំង។
លោក Macron ត្រូវបានអ្នកកាសែតរិះគន់លើបញ្ហាចម្រុះ រួមទាំងទំនាក់ទំនងរបស់លោកជាមួយលោកពូទីន។ លោក Macron បាននិយាយដោយបន្ថែមថា "គ្មានអ្វីដែលត្រូវបង្ហាញអំពីភាពត្រឹមត្រូវនៃការចាប់ផ្តើមសង្រ្គាមនោះទេ" ។
ប្រធានាធិបតីបារាំងក៏បានបង្ហាញពីទស្សនៈរបស់គាត់អំពីឫសគល់នៃជម្លោះរវាងទីក្រុងមូស្គូ និងគៀវ ដោយចោទប្រកាន់ថា គោលដៅពិតរបស់ពូទីន គឺការស្ដារឡើងវិញនូវ "ចក្រភពរុស្ស៊ី"។ លោកបន្ថែមថា“ជាទូទៅ គាត់បានបើកសង្រ្គាមនេះ ដើម្បីដណ្តើមយកទឹកដី និងពង្រីកអំណាចរបស់រុស្ស៊ី ទៅកាន់ចក្រភពដែលធ្លាប់មាន។ លោកប្រធានាធិបតីក៏បានព្រមានផងដែរអំពីការធ្វើឱ្យមានការយល់ខុសដែលថា ទាហានរុស្ស៊ីកំពុងឈានទៅដល់ការបរាជ័យនៅអ៊ុយក្រែន។ លោក Macron បានអះអាងថា កងកម្លាំងរបស់ អ៊ុយក្រែន ស្ទើរតែគ្មានកន្លែងណាដែលជិតទទួលបានជ័យជំនះក្នុងសមរភូមិនោះទេ។
លោក Macron បានប្រកាន់ជំហរមិនច្បាស់លាស់ជុំវិញដំណើរនៃជម្លោះដែលកំពុងកើតឡើង។ ខ្លួនគាត់ផ្ទាល់បានគូសបញ្ជាក់ម្តងហើយម្តងទៀតពីតម្រូវការក្នុងការចូលរួមក្នុងការចរចាជាមួយរុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងប៉ារីសបានធ្វើតាមជំហរប្រឆាំងរុស្ស៊ីរួមរបស់លោកខាងលិច ហើយបានគាំទ្រយ៉ាងសកម្មដល់ទីក្រុងគៀវ ដោយកាលពីសប្តាហ៍មុនបានសន្យាថានឹងផ្តល់រថក្រោះថ្មីសម្រាប់កងកម្លាំងទាហានអ៊ុយក្រែន។
គួរបញ្ជាក់ថារុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk។ ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំងត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤៕