ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយនូវបញ្ហាកង្វះទឹកប្រើប្រាស់ក្នុងក្រុងព្រះសីហនុ។វិធានការនេះ ធ្វើឡើងក្រោយពីមានករណីបាក់ទំនប់អាងទឹក ស្តុកទឹកទី២ (ក្បាលឆាយ) ក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឲ្យប្រជាជន ជាពិសេសនៅតាមក្រុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។គិតត្រឹមម៉ោងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ការ«ផ្គត់ផ្គង់ទឹក»ក្នុងក្រុងព្រះសីហនុនឹងដំណើរការឡើងវិញឆាប់ៗនេះ។
ភ្លាមៗក្រោយពីទទួលបានព័ត៌មានករណីបាក់ទំនប់អាងទឹក ស្តុកទឹកទី២ (ក្បាលឆាយ)លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក្រោមការដឹកនាំផ្ទាល់ ដោយបានបញ្ជូនការងារនេះទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ដើម្បីធ្វើជួសជុលពង្រឹងទំនប់នេះបន្ត។
អភិបាលខេត្តព្រះសីហនុ បានចាត់ការងារចំនួន៤ក្រុមដោយក្រុមការងារទី១ ជួសជុលក្បាលបូមដែលរងការខូចខាតពីការបាក់ទំនប់នេះឱ្យបានលឿនឆាប់តាមដែលអាចធ្វើទៅបាន។ក្រុមទី២៖ ក្រុមជំនាញការងារអគ្គិសនីដែលនឹងត្រូវដោះស្រាយបញ្ហាអគ្គិសនីដែលខូចខាត។ក្រុមទី៣៖ក្រុមជួសជុលទប់ទំនប់ឡើងវិញ និង ក្រុមការងារទី៤៖ក្រុមតបណ្ដាញទុយោ ដើម្បីបូមទឹកចេញពីស្ថានីយទី១ យកទៅចម្រោះនៅស្ថានីយទី២ និង បន្តចម្រោះសម្អាតនៅស្ថានីយទី៣ដូចគ្នា។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ស៊ីស៊ីថាមស៍ថា ទំនប់ទី៣ គឺជាទំនប់យុទ្ធសាស្ត្រដែលការពារទំនប់ទី៤ ដូច្នេះទើបថ្នាក់ដឹកនាំខេត្តសម្រេចចិត្តចាត់អាទិភាព ជួសជុលទំនប់នេះមុនគេបំផុត។ ជាមួយគ្នានេះអភិបាលខេត្ត បានបញ្ជូនក្រុមការងារបច្ចេកទេស និង គ្រឿងចក្របន្ថែមដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ទំនប់ទី២ឱ្យបានឆាប់រួចរាល់។
ទាក់ទងនឹងការជួសជុលបណ្តាញអគ្គិសនីលោក ឃាង ភារម្យ បានអះអាងថា រៀបចំរួចរាល់ដោយរង់ចាំតែតភ្ជាប់ចរន្តចូលទៅម៉ាស៊ីនបូមទឹកតែប៉ុណ្ណោះ។បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ចំពោះការតម្លើងក្បាលម៉ាស៊ីនបូមទឹក និង ការតភ្ជាប់ទុយោទឹកទៅស្ថានីយចម្រោះទឹកស្អាត RCI នឹង បញ្ចប់រួចរាល់ចំនួន០១ម៉ាស៊ីនក្នុងចំណោម០២ម៉ាស៊ីននៅល្ងាចនេះ នឹងអាចធ្វើការផ្គត់ផ្គង់ទឹកឡើងវិញនៅតំបន់ប្រមាណ១០ទីតាំងក្នុងក្រុងព្រះសីហនុដែលរងផលប៉ះពាល់៕