
រុស្សី៖ ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីវិធានការសងសឹកចំពោះការកំណត់តម្លៃរបស់លោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី។ ការផ្តល់សច្ចាប័នកាលពីថ្ងៃអង្គារគឺដើម្បីឆ្លើយតបទៅនឹងវិធានការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយ EU ប្រទេស G7 និងអូស្ត្រាលីដែលបានចូលជាធរមាននៅដើមខែនេះ។
ក្រឹត្យរបស់ប្រធានាធិបតីហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសដែលអនុវត្តតម្លៃកំណត់ក្នុងកិច្ចសន្យារបស់ពួកគេ វាក៏ជាការហាមឃាត់ការដឹកជញ្ជូនផងដែរ ប្រសិនបើកិច្ចសន្យាដោយផ្ទាល់ ឬដោយប្រយោលបញ្ជាក់តម្លៃខុសពីការចេញដោយប្រទេសរុស្សី។
យោងតាមក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល ការហាមប្រាមការផ្គត់ផ្គង់ប្រេងឆ្លើយតបទៅនឹងតម្លៃកំណត់បានចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ និងមានសុពលភាពដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។ កាលបរិច្ឆេទនៃការហាមឃាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ផលិតផលនឹងត្រូវបានកំណត់នៅពេលក្រោយដោយរដ្ឋាភិបាល៕