
ម៉ានីល៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ក្នុងថ្ងៃបុណ្យណូអែល នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៣នាក់ហើយ ខណៈការស្វែងរកនៅតែបន្តសម្រាប់មនុស្ស ២៣នាក់បន្ថែមទៀត។ នេះបើយោងតាមមន្រ្តីហ្វីលីពីនបានអះអាងនាថ្ងៃអង្គារនេះ។

ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ការស្លាប់ភាគច្រើនគឺបណ្តាលមកពីការលង់ទឹកពីទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរថ្ងៃបានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល និងបានបង្ខំមនុស្សជាង ៤៥,០០០ នាក់ឱ្យជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីឆ្មាំឆ្នេរសមុទ្រ ប៉ូលីស និងបុគ្គលិកពន្លត់អគ្គីភ័យបានឆ្លងកាត់ទឹកជំនន់ដ៏ជ្រៅ និងដឹកអ្នករស់នៅតាមតំបន់ដែលរងគ្រោះដោយដីបាក់។ ផ្លូវមួយចំនួនត្រូវបានជន់លិចដោយទឹកទន្លេហូរនៅក្បែរនោះ។

អភិបាលក្រុង Clarin លោក Emeterio Roa បានឲ្យដឹងថាមិនមានព្យុះត្រូពិចនៅក្នុងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ប្រទេសកាតូលិកទេ។ ប៉ុន្តែខ្សែបន្ទាត់កាត់ជាតំបន់ដែលខ្យល់ក្តៅនិងត្រជាក់មកប៉ះគ្នាបានបណ្តាលឲ្យពពកភ្លៀងបង្កើតឡើងនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ លោកបន្ថែមថា "ការខូចខាតដ៏ធំនៅទីនេះគឺសត្វពាហនៈ ពីព្រោះជ្រូក មាន់ ពពែ និងគោរបស់ជនរងគ្រោះត្រូវបានជំនន់ទឹកភ្លៀងគួចយកទៅអស់ហើយ"៕