ក្រចេះ៖ ពិធីបុណ្យសត្វក្តាន់ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១៥-១៦ ធ្នូ នៅវត្តព្រែកគ្រៀង ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ពិធីបុណ្យនេះ ធ្វើឡើងដើម្បីឧទ្ទិសផលបុណ្យ ដល់សត្វក្តាន់និងសត្វព្រៃដទៃដែលស្លាប់ដោយសារអន្ទាក់ បាត់បង់ទីជម្រក បរបាញ់ និងអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យផ្តល់តម្លៃ និងគោរពដល់ធនធានព្រៃឈើនិងសត្វព្រៃដ៏មានតម្លៃ។
អ្នកចូលរួមសរុបប្រមាណ ១៤៧ នាក់ បានចូលរួមក្នុងពិធីបុណ្យសត្វក្តាន់ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១៥ និង១៦ ខែធ្នូ ឆ្នាំ២០២២ នៅវត្តព្រែកគ្រៀង ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យផ្តល់តម្លៃ និងគោរពដល់ធនធានព្រៃឈើនិងសត្វព្រៃដ៏មានតម្លៃដោយផ្សារភ្ជាប់ប្រពៃណី ជំនឿ សាសនាទៅនឹងការអភិរក្សធនធានធម្មជាតិ។
អ្នកចូលរួមក៏បានឧទ្ទិសផលបុណ្យ ដល់សត្វក្តាន់និងសត្វព្រៃដទៃដែលស្លាប់ដោយសារអន្ទាក់ បាត់បង់ទីជម្រក និងបរបាញ់ ផងដែរ។ ការរៀបចំពិធីបុណ្យសត្វក្តាន់នេះក៏ជាឱកាសពង្រឹងសមត្ថភាពសម្រាប់ក្រុមល្បាតសហគមន៍ ក៏ដូចជាក្រុមអប់រំផ្សព្វផ្សាយសហគមន៍ក្នុងការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយដល់ប្រជាជនអោយចូលរួមថែរក្សាការពារសត្វព្រៃដោយបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ និងបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ ការបណ្តើឆ្កែចូលព្រៃក្នុងតំបន់ការពារជាដើម៕