
កម្ពុជា៖ សហគមន៍អេកូទេសចរណ៍ចំនួន១៩ នៅទូទាំងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ នៅក្នុងឆ្នាំ២០២២នេះមានអ្នកទេសចរជាង ៦០០០០នាក់មកទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ។ ទេសចរណ៍ធម្មជាតិផ្តល់អោយសហគមន៍នូវឱកាសបង្កើតប្រាក់ចំណូលជាង២៥០០០ដុល្លារសម្រាប់សហគមន៍របស់ពួកគេ នៅក្នុងឆ្នាំនេះ។
ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងUSAIDព្រៃឡង់បៃតងបានគាំទ្រសហគមន៍អេកូទេសចរណ៍ចំនួន១៩ នៅទូទាំងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ ដើម្បីពង្រីកការផ្តល់សេវាកម្មអេកូទេសចរណ៍របស់ពួកគេ ដោយផ្តោតលើទីផ្សារទេសចរណ៍ក្នុងស្រុក។ ក្នុងឆ្នាំ២០២២ មានអ្នកទេសចរជាង ៦០០០០នាក់មកទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ហើយទទួលបានប្រាក់ចំណូលជាង២៥០០០ដុល្លារសម្រាប់សហគមន៍របស់ពួកគេ។
គម្រោងUSAID ព្រៃឡង់បៃតង បានពង្រឹងសមត្ថភាពរបស់សហគមន៍តាមរយៈការផ្តល់ជំនួយផ្ទាល់ និងការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញដូចជា ការបង្កើតទីកន្លែងទេសចរណ៍ ការរៀបចំនិងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈប្រកបដោយអនាម័យ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍ និងការធ្វើទីផ្សារតំបន់អេកូទេសចរណ៍នោះ។

បន្ទាប់មក គម្រោងUSAID ព្រៃឡង់បៃតងបាននាំភ្នាក់ងារទេសចរណ៍ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមកធ្វើទស្សនកិច្ចស្វែងយល់អំពីតំបន់អេកូទេសចរណ៍ទាំងនោះ។ ដំណើរកម្សាន្តទាំងនេះ បូករួមជាមួយនិងវីដេអូជាច្រើនដែលផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ទាំងនោះ បានធ្វើឱ្យសាធារណជនកម្ពុជាបានស្គាល់គោលដៅទេសចរណ៍ធម្មជាតិដែលលាក់កំបាំងទាំងនោះ និងមានការបង្កើតកញ្ចប់ដំណើរកម្សាន្តដែលផ្តល់ដោយភ្នាក់ងារទេសចរណ៍កម្ពុជា។
ទេសចរណ៍ធម្មជាតិផ្តល់អោយសហគមន៍នូវឱកាសបង្កើតប្រាក់ចំណូល។ ដើម្បីឱ្យអេកូទេសចរណ៍ទទួលបានជោគជ័យ សោភ័ណភាពនិងភាពប្លែកនៃរមណីយដ្ឋានធម្មជាតិទាំងនេះត្រូវតែត្រូវបានអភិរក្ស។ ខណៈដែលភ្ញៀវទេសចរក្នុងស្រុកកាន់តែច្រើនឡើងមានការកោតសរសើរចំពោះអច្ឆរិយៈធម្មជាតិទាំងនេះ សហគមន៍មូលដ្ឋាននិងអាជ្ញាធរនឹងបន្តចាត់វិធានការបន្ថែមទៀតដើម្បីការពារ និងអភិរក្សផ្នែកដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់កម្ពុជា៕



