
ភ្នំពេញ៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ។ ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥នេះ ពោលគឺមុននិងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមសេចក្ដីជូនដំណឹង ការអនុញ្ញតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។
គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%។ ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ នឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង)ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ អ៊ុតAC គូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់មន្សំមួយចំនួនទៀត៕

