Yearendyearend1140x150

កម្ពុជា-UN ប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ អង្គការសហប្រជាជាតិ(UN) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នាឱកាសនេះ ឯកឧត្តម អ៉ិត សំហេង សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក Joseph Scheuer និងសហការីនៅកម្ពុជា នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។ ព្រមជាមួយគ្នានេះ អង្គការសហប្រជាជាតិ នឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត។

ចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានបេ្តជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងចូលរួមគាំទ្រលើគ្រប់កម្មវិធីអាទិភាពរបស់កសួង។ ភាគីទាំងពីបានសំដែងនូវទស្សន:ប្រកបដោយភាពវិជ្ជមានយ៉ាងខ្លាំងទៅលើមហិច្ឆតាដែលទាំងអង្គការសហប្រជាជាតិក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង