កំពត៖ អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនមានគំរោងសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ឋបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តឲ្យអ្នកឧកញ៉ាសាងសង់ពុទ្ឋបដិមានេះកាលពីពេលថ្មីៗនេះ ខណៈរចនាបទបដិមានេះ ត្រូវបានឌីសាញឡើងវិញស្របតាមរចនាបទបដិមាខ្មែររួចហើយ។
អ្នកឧកញ៉ាសុខ គង់បានបន្តថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រា ប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើ នរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែលនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។
អ្នកឧកញ៉ាសុខ គង់ បានឱ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមហ៊ុនបានដាក់សំណើរសុំសាងសង់ រូបសំណាកព្រះពុទ្ធបដិមានេះ ជូនដល់ក្រសួងបរិស្ថានរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការរៀបចំប្លង់ស្ថាបត្យកម្ម ដើម្បីធានាថារូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ត្រូវបានសាងសង់ត្រឹមត្រូវស្របទៅតាមរចនាបទរបស់ខ្មែរយើង។
អ្នកឧកញ៉ាសុខ គង់ ក៏បានបង្ហើបឱ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក ដោយការសាងសង់នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ក្រោយពីក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីការរៀបចំប្លង់បានចប់សព្វគ្រប់។
ឆ្លើយតបនឹងសំណើរសុំសាងស ង់រូបសំណាកពុទ្ឋបដិមាដ៏ធំ និងខ្ពស់ជាងគេលើពិភពលោក របស់ក្រុមហ៊ុនសុខាអូតែល គណៈកម្មការអន្តរក្រសួងដឹកនាំដោយលោកនេត្រ ភ័ត្រាអ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងបរិស្ថានបានបើកកិច្ចប្រជុំទាក់ទងនឹងសំណើរនេះ។
កិច្ចប្រជុំដ៏សំខាន់ ដែលបានធ្វើកាលពីថ្ងៃទី២៧ ឧសភាកន្លងមកនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត និងក្រុមការងារបច្ចេកពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុនសុខាអូតែល។
តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះសំណើរសុំសាងសង់ពុទ្ឋបដិមាខ្ពស់ ជាងគេលើពិភពលោករបស់របស់ក្រុមហ៊ុនសុខាអូតែល ប៉ុន្តែគណៈកម្មការអន្តរក្រសួងបានស្នើឲ្យក្រុមហ៊ុនកែប្រែខ្លះលើរចនាបទព្រះពុទ្ឋរូប ដើម្បីធ្វើយ៉ាងណាឲ្យសមស្របតាមខ្នាត តាមរចនាបទព្រះពុទ្ឋរូបនៅកម្ពុជាយើង។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងបន្តថា ក្រុមហ៊ុននឹងបន្តធ្វើការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការកែសម្រួលខ្នាត និងរចនាបទរបស់ព្រះពុទ្ឋររូបនេះបន្ថែមទៀត ដើម្បីស្របតាមវប្បធ៌មខ្មែរ ប៉ុន្តែការសាងសង់ យើងមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះយើងត្រូវកែនិងរចនាឡើងវិញនូវរចនាបទពុទ្ឋបដិមានេះឡើងវិញ និងឆ្លងគណៈកម្មការអន្តរក្រសួងឯកភាពសិន ទើបយើងនឹងរៀបចំដំណើរការសាងសង់ ប៉ុន្តែអ្វីៗយើងនឹងខិតខំពន្លឿនការងារនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕