ភ្នំពេញ៖នៅរយៈពេល១០ខែឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានចេញ«ស្វាក្តាម»ទៅក្រៅប្រទេសបានចំនួនជាង១ពាន់ក្បាល ហើយការនាំចេញនេះ ធ្វើឡើងដោយក្រុមហ៊ុនចំនួន២ដែលទទួលបានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នេះបើយោងតាម របាយការណ៍ការងាររយៈពេល១០របស់ក្រសួងកសិកម្ម។
"ការនាំចេញស្វាក្តាមពីកសិដ្ឋានកម្ពុជាទៅកាន់ទីផ្សារបរទេសមិនមានការផ្អាកដំណើរការដូចដែលព័ត៌មានបរទេសបានចុះផ្សាយទេ គឺនៅតែធ្វើការនាំចេញជាធម្មតា។នេះជាការបញ្ជាក់របស់កញ្ញា អឹម រចនា សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន មកកាន់ស៊ីស៊ីថាមស៍។ការអះអាងនេះ ធ្វើឡើងក្រោយពីកន្លងទៅអាម៉េរិកបានឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និង ជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ដោយចោទថាលោកសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាម៉េរិក។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ កម្ពុជាមានក្រុមហ៊ុនចំនួន៥ ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញចំនួន៦ទីតាំង ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំ។ ទីតាំងទាំងនោះ មានស្វាក្តាមចំនួន ១៣៩ ៦០៥ក្បាល ហើយក្នុងនោះកូនកើតក្នុងខែចំនួន ៤ ៨៦៣ក្បាល។
បើតាមរបាយការណ៍ដដែល រយៈពេល១០ខែឆ្នាំ២០២២នេះ ក្រសួងបានចេញលិខិតអនុញ្ញាតដឹកជញ្ជូនស្វព្រៃជូនដល់ក្រុមហ៊ុនចំនួន២ ច្បាប់មានស្វាក្តាមចំនួន ១៤៨៨ ក្បាល។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញស្វាចំនួនជិត ៧ម៉ឺនក្បាល ដែលអនុលោមតាមអនុសញ្ញា CITES។ ក្រសួងកសិកម្ម បានបញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។
ក្រសួងកសិកម្មបន្តថា កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាម ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឲ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឲ្យបាននូវហ្សេនេទិករបស់វាមិនឲ្យផុតពូជនោះឡើយ។ ក្រសួងកសិកម្មបញ្ជាក់បន្ថែមថា ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឲ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ។
តែយ៉ាងណាក៏ដោយ ការនាំចេញស្វាក្តាមរបស់កម្ពុជាទៅអាម៉េរិកបានជួបនូវបញ្ហាដោយសារ មន្ត្រីកម្ពុជាដែលជាអនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួននៅក្នុងព្រលានយន្តហោះ ក្នុងក្រុងញូយ៉ក កាលពីថ្ងៃទី១៦ខែវិច្ឆិកា ក្រោយហេតុផលចោទ ការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ។បច្ចុប្បន្នភាគីកម្ពុជា និងអាម៉េរិកកំពុងបន្តដោះស្រាយលើកការងារនេះ៕