
អាហ្វហ្គានីស្ថាន៖ យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំង និងស្នូរកាំភ្លើងត្រូវបានឮ នៅពេលដែលជនវាយប្រហារបីនាក់បានវាយប្រហារសណ្ឋាគារមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន ដោយធ្វើឱ្យអ្នកស្រុកនិងអ្នកទេសចរចិនជាច្រើននាក់ដែលស្នាក់នៅក្នុងសណ្ឋាគារនេះមានការភ័យខ្លាច។
នៅពេលដែលការវាយប្រហារបានកើតឡើងសាក្សីនៅកន្លែងកើតហេតុ Ahamad Shadab កំពុងធ្វើការនៅភោជនីយដ្ឋានមួយក្បែរសណ្ឋាគារ Longan អគារនេះត្រូវបានវាយលុកដោយអ្នកវាយប្រហារបីនាក់ ដែលក្រោយមកត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខតាលីបង់។
លោក Shadab បាននិយាយថា ពួកគេបានឮសំឡេងស្រែកខ្លាំងៗ និងស្នូរកាំភ្លើង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាច មុនពេលកងកម្លាំងសន្តិសុខមកដល់ និងធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ លោកបន្តថា«ខ្ញុំបានឮស្នូរកាំភ្លើងនៅពេលធ្វើការនៅភោជនីយដ្ឋាន ចំពេលដែលអ្នករត់តុកំពុងបម្រើអាហារ ខ្ញុំឮសំឡេងមនុស្សស្រែក និងស្នូរកាំភ្លើង ហើយបន្ទាប់មកគ្រប់គ្នាបានរត់ចេញ។ លោកសង្គត់ធ្ងន់ថាយើងបានបិទភោជនីយដ្ឋាន ហើយរត់ទៅតាមផ្លូវពេលនោះកងទ័ពមក។
ដោយឡែកស្ថានទូតចិនប្រចាំនៅអាហ្វហ្គានីស្ថានបាននិយាយថា ខ្លួនបានចាត់វិធានការពាក់ព័ន្ធ ខណៈដែលជនជាតិចិនដែលស្នាក់នៅក្នុងសណ្ឋាគារនោះបានត្រឡប់មកប្រមូលរបស់របររបស់ពួកគេវិញហើយចាកចេញបន្ទាប់ពីនោះ។ យោងតាមសាក្សីបានឲ្យដឹងថា ជនជាតិចិនសរុបចំនួន ៥ នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕