
តៃប៉ិ៖ ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ អមដោយការរញ្ជួយដីស្រាលជាងមុនជាច្រើនលើក ជាមួយនឹងការរញ្ជួយនៅក្នុងរដ្ឋធានីតៃប៉ិ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Hualien ក្នុងជម្រៅ ៦គីឡូម៉ែត្រ។
លោក Chen Kuo-chang ប្រធានមជ្ឈមណ្ឌលរញ្ជួយដីរបស់ការិយាល័យអាកាសធាតុបានប្រាប់អ្នកយកព័ត៌មានថា៖ គ្រោះរញ្ជួយដីនេះបានបង្កទៅជាបញ្ហាជាខ្លាំងដល់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក ។ លោកបន្ថែមថារហូតមកដល់ពេលនេះ មានគ្រោះរញ្ជួយដីចំនួនប្រាំបីលើក ហើយយើងរំពឹងថានឹងមានគ្រោះរញ្ជួយដីបន្ថែមទៀតក្នុងរយៈពេលបីថ្ងៃខាងមុខ”។
អ្នកយកព័ត៌មាន AFP នៅទីក្រុងតៃប៉ិ បាននិយាយថា ការរញ្ជួយនៅក្នុងរដ្ឋធានីមានសភាព តិចជាងការរញ្ជួយដីមុនៗក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថាកោះតៃវ៉ាន់តែងតែទទួលរងការរញ្ជួយដីជាញឹកញ៉ាប់ ខណៈដែលកោះនេះស្ថិតនៅជិតចំនុចប្រសព្វនៃបន្ទះប្លាកែតពីរ។ ការរញ្ជួយដីមួយចំនួនដែលមានកម្រិត ៦.០ ឬច្រើនជាងនេះ អាចបង្ហាញថាមានគ្រោះថ្នាក់ដល់ជីវិត ទោះបីជាច្រើនអាស្រ័យលើកន្លែងដែលការរញ្ជួយដីវាយប្រហារ និងនៅជម្រៅប៉ុន្មានក៏ដោយ។ ការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ក្នុងខែកញ្ញា ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យអគារមួយចំនួនដួលរលំ៕