
ប៉ារីស៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១៣ ធ្នូ បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស។ជាជំជួបដែលរៀបចំឡើងដោយសម្តេច ហ៊ុន សែន ចាត់ទុកថា ក្នុងនាមជាដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និង ជឿទុកចិត្តគ្នា។
ដូចការគ្រោងទុកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីជជែកគ្នាលើបញ្ហាជាច្រើនទាំងនៅក្នុងតំបន់ និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និង ប្រទេសប៉ារំាង។នេះជាជំនួបដែលរៀបចំឡើងក្រោយពី សម្តេច ហ៊ុន សែន និង លោកម៉ាក្រុង បានខកខានជួបគ្នានៅទីក្រុងបាំងកកប្រទេសថៃ ដោយសារកាលណោះសម្តេច ហ៊ុន សែន តេស្តរកឃើញវិជ្ជមានកូវីដ-១៩។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានប្រកាសចាត់ទុកជំនួបជាមួយលោកម៉ាក្រុងនៅពេលនេះ គឺបង្ហាញពីភាពជាដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និង ជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជា និង បារាំង។សម្តេច ហ៊ុន សែន បានអរគុណលោក ម៉ាក្រុង ដែលបានផ្តល់នូវការស្រឡាញ់រាប់អាននេះ។សាររបស់សម្តេចពេលនេះ គឺអមជាមួយរូបភាពស្និទ្ធស្នាលគ្នាដែលកម្រនឹងមាននាពេលកន្លងមក។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ១៣ ធ្នូ និង បានចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង។ហើយរដ្ឋាភិបាលបារាំងបានរៀបចំ ពិធីលៀងសាយភោជន៍ ជូនសម្តេច ហ៊ុន សែន និងគណប្រតិភូផងដែរ។
ក្នុងជំនួបជាមួយ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអឺរ៉ុប សម្តេច ហ៊ុន សែន បានអះអាងថា វត្តមានសម្តេច និង មេដឹកនាំអាស៊ាននៅពេលនេះ មិនមែនជាកូនជៀមរបស់ប្រទេសអឺរ៉ុបនោះទេ ពោលគឺមានការជជែកស្នើមុខស្មើមាត់នឹងគ្នា។សម្រាប់កម្ពុជាសម្តេចបានហាមមន្ត្រីកម្ពុជាទាំងកុំសុំប្រព័ន្ធអនុគ្រោះពន្ធEBAពីប្រទេសអឺរ៉ុបផងដែរ៕


