Yearendyearend1140x150

ក្រុមហ៊ុនPPFIនិងTRចុះMOUស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុន Phnom Penh Fintech Investment (PPFI) និងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន PPFI និង ន.ប.ធ. បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានេះ ន.ប.ធ. នឹងសហការជាមួយនឹងក្រុមហ៊ុន PPFI ដែលជាក្រុមហ៊ុនផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ក៏ដូចជាផ្ដល់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងឧត្តមានុវត្តន៍អន្តរជាតិនៃប្រតិបត្តិការបរធនបាលកិច្ច បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបង្កើនកាលានុវត្តភាពវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។

កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងការចែករំលែកបទពិសោធន៍ឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនឹងបរធនបាលកិច្ចនេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. បរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាទុក ឬសេវាថែរក្សាសុវត្ថិភាពក្នុងវិស័យបរធនបាលកិច្ច និងការិយាល័យមេធាវី។ ជាមួយគ្នានេះ ក្រុមហ៊ុន PPFI ក៏បានអញ្ជើញក្រុមការងារនៃក្រុមហ៊ុន Jepun International Co., Ltd. (JEPUN) មកធ្វើបទបង្ហាញផ្ទាល់លើប្រធានបទ “ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការបរធនបាលកិច្ច៖ ឧត្តមានុវត្តន៍អន្តរជាតិ” ។ ក្រៅពីការចែករំលែកពីការការអភិវឌ្ឍន៍របស់បរធនបាលតាមបណ្ដាប្រទេសនៅអាស៊ី និង ការបង្ហាញបន្ថែមពីដំណើរការប្រតិបត្តិការជាក់ស្តែងនៃអាជីវកម្មបរធនបាលនោះ ក្រុមការងារនៃក្រុមហ៊ុន Jepun ក៏ណែនាំប្រភេទនៃបរធនបាលនានា ដែលសមរម្យសម្រាប់ប្រទេសកម្ពុជានាពេលអនាគត រួមទាំងបង្ហាញពីប្រព័ន្ធសម្រាប់បរធនបាលគ្រប់គ្រងអចលនទ្រព្យដែលពេញលេញ និងអាចទុកចិត្តបាន។

ក្រុមហ៊ុន JEPUN International គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានចំណែកទីផ្សារខ្ពស់បំផុតនៅក្នុងប្រព័ន្ធគ្រប់គ្រងបរធនបាលនៅប្រទេសតៃវ៉ាន់។ សម្រាប់សមាជិកក្រុមហ៊ុន គឺមាន 57% ជាបុគ្គលិកបច្ចេកទេស និង 23% ជាអ្នកប្រឹក្សាសេវាកម្មហិរញ្ញវត្ថុ។ គោលបំណងគឺដើម្បីជួយដល់អតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធកាន់តែងាយស្រួល ហើយលុបបំបាត់ការសង្ស័យ និងរក្សាគុណភាពនៃផលិតផល។ គោលដៅគឺដើម្បីបង្កើតគំរូសេវាកម្មដែលមានធាតុផ្សំ៣ "ហិរញ្ញវត្ថុ" " IT " និង " ច្បាប់" ដោយផ្តល់ការប្រឹក្សាដល់ផែនការអាជីវកម្ម ដោយការប្រើបច្ចេកវិទ្យាជួយអភិវឌ្ឍអាជីវកម្ម និងដោយការប្រើច្បាប់ការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុននិងអតិថិជន។ ក្នុងឆ្នាំ 2022 ក្រុមហ៊ុន JEPUN International ទទួលបាន វិញ្ញាបនប័ត្រ ISO 27001 លើ"តម្រូវការ ព័ត៌មានបច្ចេកវិទ្យា - សុវត្ថិភាព បច្ចេកវិទ្យា - សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន" ។

កាលពីឆ្នាំ 2019 ច្បាប់ស្តីពីបរធនបាលកិច្ចត្រូវបានប្រកាសដាក់ឱ្យប្រើ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំំ២០២២ មានបរធនបាលដែលទទួលបាន អាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ១៧ និងបរធនបាលកិច្ចទទួល បានការចុះបញ្ជីចំនួន ២៦៩ ករណី ដែលមានទំំហំបរធនប្រមាណ ជា ៤០០ លានដុល្លារសហរដ្ឋអាមេរិក។ ន.ប.ធ. រំពឹងថា ចំនួននៃ បរធនបាលកិច្ចដែលទទួលបានការចុះបញ្ជីនឹងកើនឡើងដល់ ៣០០ ករណី ដែលអាចធ្វើឱ្យទំហំបរធនកើនឡើងដល់ប្រមាណជា ៤៣០ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមចុងឆ្នាំ២០២២។

នាឱកាសនេះដែរ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា “និយ័តករបរធនបាលកិច្ច បាននឹងកំពុងបន្តការងារយ៉ាងសកម្មក្នុង ការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ណែនាំំសម្រាប់ការគ្រប់គ្រងទីផ្សារបរធនបាលកិច្ច ដើម្បីធានាឱ្យប្រតិបត្តិការបរធនបាលកិច្ចមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងបង្កើនទំនុកចិត្ត និងការពារផលប្រយោជន៍របស់វិនិយោគិន។ ឯកឧត្ដម ក៏ជឿជាក់ផងដែរថា នៅក្នុងយុគសម័យដែលគ្របប់គ្រងដោយបច្ចេកវិទ្យា ដើម្បីឱ្យទីផ្សារបរធនបាលកិច្ចមានការអភិវឌ្ឍជាលំដាប់ ឆាប់រហ័ស និងប្រកបដោយនិរន្តរភាពចាំបាច់ត្រូវពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាដែលជឿនលឿន និងមានសុវត្ថិភាព។”

លោក Luke Wang នាយកក្រុមហ៊ុន PPFIបានថ្លែងថា “ក្រុមហ៊ុន PPFIត្រូវបានបង្កើតឡើងក្នុងគោលបំណងចាប់យកសក្តានុពលនៃទីផ្សារមូលនិធិ ទីផ្សារបរធនបាលកិច្ច និងទីផ្សារគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា ព្រមទាំងពាំនាំបទពិសោធន៍ការអនុវត្តបរធនបាល និងការគ្រប់គ្រងប្រព័ន្ធកម្រិតអន្តរជាតិ ដែលវានឹងក្លាយជាគន្លឹះមួយសម្រាប់ពន្លឿនការអភិវឌ្ឍទីផ្សារបរធនបាលកិច្ចនៅកម្ពុជា”។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង