
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីអាម៉េរិក លោក Joe Biden និងបានថ្លែងអំណរគុណចំពោះលោកចំពោះជំនួយ "ដែលមិនធ្លាប់មានពីមុនមក" ដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ។
យោងតាមកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់គាត់ លោក Zelenskyy បាននិយាយថា "ខ្ញុំបានអរគុណចំពោះជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដែលសហរដ្ឋអាម៉េរិកផ្តល់ដល់អ៊ុយក្រែន" ។ លោកបន្ថែមថា នេះមិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។
សម្រាបើលោក ហ្សេលែនស្គី "យើងក៏សូមកោតសរសើរចំពោះជំនួយដែលសហរដ្ឋអាម៉េរិកកំពុងផ្តល់ដើម្បីស្តារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន"។
គួរបញ្ជាក់ថាបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានវាយលុកចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលជួនកាលកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់លាននាក់ក្នុងរដូវរងារថែមទៀតផង៕